(Reuter) កាលពីថ្ងៃអង្គារ៍ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានថ្លែងសុន្ទរកថាមួយដែលបានចាក់ផ្សាយថា សហរដ្ឋអាមេរិកគឺជា ដៃគូយុទ្ធសាស្ត្រ ហើយទីក្រុង Riyadh មានគំនិតខុសគ្នាបន្តិចបន្តួចជាមួយរដ្ឋបាលរបស់ប្រធានាធិបតីលោក Biden ដែលខ្លួនកំពុងស្វែងរកដំណោះស្រាយ។
ព្រះរាជទាយាទក៏បានមានបន្ទូលផងដែរថា អារ៉ាប់ប៊ីសាអូឌីតនឹងមិនទទួលយកនូវការដាក់សម្ពាធ ឬការជ្រៀតជ្រែកណាមួយនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ។
ប្រធានាធិបតីលោក Joe Biden បាននិយាយថាលោកនឹងនិយាយជាមួយសមភាគីអារ៉ាប៊ីសាអូឌីតគឺព្រះរាជទាយាទ Salman ហើយបានប្រកាន់ជំហរតឹងរ៉ឹងជាមួយទីក្រុង Riyadh លើកំណត់ត្រាសិទ្ធិមនុស្ស និងសង្គ្រាមនៅ Yemen ជាងអតីតប្រធានាធិបតីលោក Donald Trump ដែលមានទំនាក់ទំនងរឹងមាំជាមួយព្រះអង្គម្ចាស់ Mohammed។
ព្រះរាជទាយាទបានមានបន្ទូលនៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍អារ៉ាប៊ីសាអូឌីតថា “យើងបានព្រមព្រៀងគ្នាប្រមាណជា ៩០% ហើយជាមួយរដ្ឋបាលរបស់ប្រធានាធិបតីលោក Biden ពេលដែលផ្តោតទៅផលប្រយោជន៍របស់អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ហើយយើងកំពុងធ្វើការដើម្បីពង្រឹងផលប្រយោជន៍ទាំងនេះ” ។
ទ្រង់បានបន្ថែមថា “បញ្ហាដែលយើងមិនឯកភាពគ្នាមានប្រមាណតិចជាង ១០% ហើយយើងកំពុងស្វែងរកដំណោះស្រាយ និងការយោគយល់គ្នា…គ្មានអ្វីដែលសង្ស័យទេថា សហរដ្ឋអាមេរិកគឺជាដៃគូយុទ្ធសាស្ត្រ” ។
ព្រះអង្គម្ចាស់ Mohammed ដែលបានក្លាយជាព្រះរាជទាយាទនៅក្នុងឆ្នាំ ២០១៧ និងបានពង្រឹងអំណាចតាំងពីពេលនោះមក បាននិយាយថា អារ៉ាប់ប៊ីសាអូឌីតក៏កំពុងតែបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៊ី ឥណ្ឌា និងចិនផងដែរ ៕
មតិយោបល់