ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ (ឆក់ខ្សែ.ក) នៅក្រុង​តាខ្មៅ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍០១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទីមានករណីលួចមានស្ថានទម្ងន់(ឆក់ខ្សែក) ចំណុចផ្លូវ៥០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ សុខ វ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែករាំង សង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ផ្លាកលេខភ្នំពេញ1IM.8296(របស់ជនសង្ស័យជិះធ្វើសកម្មភាព)។

នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូតាមផ្លូវ ៥០ម៉ែត្រ ឆ្ពោះមកស្ពានព្រែកហូរពេលនោះ ស្រាប់តែជនសង្ស័យខាងលើជិះម៉ូតូមកពីក្រោយដល់ទន្ទឹម រួចធ្វើសកម្មភាពឆក់ខ្សែ.ក តែពុំបានសម្រេចទេដោយម៉ូតូប៉ះគ្នាបណ្តាលឲ្យដួល ហើយជនសង្ស័យបានរត់ចោលម៉ូតូ ឯជនរងគ្រោះបានជិះម៉ូតូមករាយការណ៍ប្រាប់សមត្ថកិច្ចគោលដៅស្តុបព្រែកហូរ ក្នុងពេលដែលនោះជនសង្ស័យក៏ត្រឡប់មកយកម៉ូតូរបស់ខ្លួនវិញ ជិះមិនកើតបានហៅម៉ូតូកង់បីដឹកមកដល់ស្តុបព្រែកហូរត្រូវបានសមត្ថកិច្ចហៅសួរនាំ ស្រាប់តែជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងទឹកស្ទឹងក្រោមស្ពានព្រែកហូរ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់