ព័ត៌មានជាតិ

ប្រទេស​អ៊ីស្រាអែល ពិធី​បុណ្យ​សាសនា​ជ្វីហ្វ​ មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៤៤នាក់

ពិធី​បុណ្យ​សាសនា​ជ្វីហ្វ​មួយ​នេះ​តែង​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទីងងឹត​មួយ​ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស។ ចំណែក​ហេតុការណ៍​ឆោឡោ​ជាន់​គ្នា​បាន​កើត​មាន​ឡើង ខណៈ​ដែល​មាន​មនុស្ស​ជា​ច្រើន​ពាន់​នាក់​កំពុង​បន់ស្រន់ ស្មឹងស្មាត។ ពេញ​មួយ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី៣០ មេសា ក្រុម​អ្នក​ជួយ​សង្រ្គោះ​បាន​ជួយ​រំដោះ​អ្នក​រងរបួស និង​យក​សាកសព​ចេញ​ពី​កន្លែង​កើត​ហេតុ។ រដ្ឋអំណាច​បាន​ប្រើ​ឡានពេទ្យ និង​ឧទ្ធម្ភាគចក្រ​ដើម្បី​ដឹក​អ្នក​របួស​ទៅ​កាន់​មន្ទីរ​ពេទ្យ​ចំនួន ២ ដែល​ស្ថិត​នៅ​តំបន់​ជិត​កន្លែង​ហេតុ​ជាង​គេ។ អ្នក​កាសែត​ម្នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​រៀបរាប់​ពី​រូបភាព​អាណោចអាធ័ម​ដែល​មនុស្ស​ស្ថិត​គរ​លើ​គ្នា និង​ដើរ​ជាន់​លើ​គ្នា​ដោយ​ម្នាក់ៗ​ប្រឹង​រើសបម្រះ​ចេញ​ពី​ការ​សង្កត់​ពី​អ្នក​ផ្សេង។

អ្នកស្លាប់ និង​អ្នក​របួស​ធ្ងន់ ស្រាល​ភាគ​ច្រើន​ដែល​ត្រូវ​បាន​គេ​ជាន់​សង្កត់​ពី​លើ​មិន​អាច​រើ​រួច​រហូត​ដល់​ថប់​ដង្ហើម​ស្លាប់។ រូបភាព​ផ្សេង​ទៀត គឺ​ការ​ស្ថិត​នៅ​រប៉ាត់រប៉ាយ ពាសវាល ពាសកាល​នឹង​ដី​នូវ​សម្លៀកបំពាក់​សាសនា មួក និង​សៀវភៅ។ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែលលោក​នេតាន់យ៉ាហ៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នា​វេលា​ថ្ងៃ​ត្រង់​ក្នុង​ថ្ងៃ​សុក្រ ទី៣០ មេសា។ «គ្រោះមហន្តរាយ​ដ៏​ធំ» នេះ​ជា​ប្រសាសន៍​របស់​លោក​នេតាន់យ៉ាហ៊ូ​ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បន់ស្រន់​ដើម្បី​ឲ្យ​អ្នក​រងរបួស​ឆាប់​ជា​សះស្បើយ។ ការ​អំពាវនាវ​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រមុខ​គណបក្សប្រឆាំង​លោក​យ៉ាអៀរ ឡាពីដ។

ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​លោក Charles Michel ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​អ៊ីស្រាអែល​នៅ​ក្នុង​ហេតុការណ៍​ដ៏​សោកសៅ​នេះ។ សារ​ដូច​គ្នា​ក៏​មាន​ពី​សហភាពអឺរ៉ុប និង​ប្រទេស​បារាំង។ ពិធី​បុណ្យ​សាសនា​ជ្វីហ្វ​ប្រចាំ​ឆ្នាំ​នេះ​ជា​ការ​ជួបជុំ​មនុស្ស​ជា​សាធារណៈ​យ៉ាង​ច្រើន​សម្បើម​ដំបូង គិត​តាំង​ពី​ផ្ទុះ​វិបត្តិ​កូវីដ១៩ ជាង​មួយ​ឆ្នាំ​កន្លង​ទៅ។ តាម​កាសែត​ក្នុង​ស្រុក មាន​មនុស្ស​ដល់​ទៅ ១០ម៉ឺននាក់​ដែល​មាន​វត្តមាន​នៅ​ខាង​ក្នុង​ទីងងឹត​នៃ​ពិធី​បុណ្យ​សាសនា​នោះ។ តាម​ធម្មតា រដ្ឋអំណាច​បាន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​នៅ​ក្នុង​ទីងងឹត​តែ ១០ ០០០នាក់​ប៉ុណ្ណោះ។ ខណៈ​នេះ ការ​ស៊ើបអង្កេត​មួយ​បាន​ចាប់​ផ្តើម​ដើម្បី​ស្វែង​រក​មូលហេតុ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ឆោឡោ​រត់​ជាន់​គ្នា​នៅ​ក្នុង​ពិធី​បុណ្យ​សាសនា​នោះ៕

មតិយោបល់