នៅចំពោះមុខហានិភ័យនៃការចម្លងកូវីដ១៩តាមរយៈសាច់គោបង្កក និងទំនិញបង្កកមកពីប្រទេសឥណ្ឌានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានធ្វើការផ្អាកការនាំចូលនូវមុខទំនិញទាំងនេះ។ ជាមួយគ្នានេះ អង្គភាពជំនាញដដែល បានដាក់ចេញនូវវិធានការរួមមាន៖ ព្យូរការបំពេញបែបបទបញ្ចេញទំនិញពីគយ ចំពោះសាច់បង្កក និងទំនិញបង្កករបស់ឥណ្ឌា ដែលបានមកដល់កម្ពុជារួចហើយ។ ផ្តល់កិច្ចសហការជាមួយគណៈកម្មការចំពោះកិច្ចដើម្បីស្រាជ្រាវ និងធ្វើតេស្តរកកូវីដ១៩ និងធ្វើការបាញ់ថ្នាំសម្លាប់មេរោគជាដើម។
វិធានការជាប្រញាប់នេះ ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា គូសបញ្ជាក់ថា ដោយយោងតាមស្ថានភាពធ្ងន់ធ្ងរនៃការឆ្លងរាលដាលកូវីដ១៩នៅប្រទេសឥណ្ឌា និងយោងតាមសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច ស្តីពីការផ្អាកការនាំចូលសាច់គោ និងទំនិញដែលបង្កទុកបានយូមកពីប្រទេសឥណ្ឌា។
យ៉ាងណាក៏ដោយនៅមិនទាន់មានការបញ្ជាក់ណាមួយផ្នែកវិទ្យាសាស្ត្រ ថាមានការចម្លងវីរុសកូវីដ១៩ តាមរយៈសំបកវេចខ្ចប់និងសាច់បង្កកនោះទេ។ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសមួយចំនួនរួមទាំងប្រទេសចិនផងដែរធ្លាប់បានចាត់វិធានការបង្កាហានិភ័យនៃការចម្លងកូវីដ១៩នេះ គឺតាមរយៈការហាមឃាត់និង ដុតចោលផលិតផលដែលមានហានិភ័យទាំងនេះ។
ឥណ្ឌាត្រូវបានគេរាយការណ៍ថា បានជាប់ចំណាត់ថ្នាក់ធំជាងគេបំផុតទី២លើពិភពលោកខាងការនាំចេញសាច់គោគឺបន្ទាប់ពីប្រទេសប្រេស៊ីល ខណៈប្រជាជននៃប្រទេសឥណ្ឌា៨០%កាន់សាសនាហិណ្ឌូ ពួកគេមិនបរិភោគសាច់គោ។
នៅរយៈពេលចុងក្រោយនេះ ឥណ្ឌាដែលមានប្រជាជនជាង១៣៤២លាននាក់គឺបានរកឃើញថា បានឆ្លងកូវីដ១៩ជិត៤០ម៉ឺននាក់ក្នុងមួយថ្ងៃៗ ពោលដែលធ្វើឲ្យអ្នកឆ្លងកូវីដ១៩ បន្តបានកើនឡើងដល់ជិត២០លាននាក់ ខណៈដែលមានអ្នកស្លាប់ឡើងដល់ជាង២១ម៉ឺននាក់៕
មតិយោបល់