រតនគិរីៈ គោយន្តកែច្នៃមួយគ្រឿងដឹកជន្លង់ម្រេច ជាច្រើនដើមបានបើកឆ្លងកាត់ស្ពានឈើមួយកន្លែងបណ្តាលឲ្យបាក់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០១៦នេះ នៅត្រង់ចំណុច ព្រំប្រទល់ភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំខេត្តរតនគិរី ។
បើតាមប្រភពព័ត៌មានពី ម្ចាស់គោយន្តឈ្មោះ ឈុំ កុសល បានប្រាប់ឲ្យដឹងថា រូបគាត់បានដឹកឈើជន្លង់ម្រេច មកលក់ឲ្យថៅកែនៅក្រុងបានលុងជាច្រើនឆ្នាំមកហើយ ដោយការដឹកជញ្ជូននេះ ច្រើនប្រព្រឹត្តទៅនៅពេលយប់ ប៉ុន្តែនៅពេលយប់ជិត ភ្លឺបើកឆ្លងកាត់ ស្ពានដដែលស្រាប់តែបាក់ ស្រុតតែម្តង ។
ម្ចាស់គោយន្តបានប្រាប់បន្តទៀតថា ជន្លង់ម្រេចនេះដឹកមកលក់ឲ្យឈ្មោះ ឆ័យ មន្រ្តីសាលាខេត្តរតនគិរី ដោយដឹកដល់ក្រុងបានលុង ១ដើមតម្លៃ ១៥០០០រៀល។
ម្ចាស់គោយន្តដដែលបាន បញ្ជាក់ឲ្យដឹងទៀតថា រកស៊ីរាល់ថ្ងៃចិញ្ចឹមឆ្នាំង មិនចង់គ្រប់ផងព្រោះបង់ឲ្យសមត្ថកិច្ច ជាច្រើនស្ថាប័ន ជាពិសេសមេព្រៃផ្នែកលំផាត់។ ទោះជាយ៉ាងណាក៏ដោយ រូបគាត់សុខចិត្តចេញថ្លៃចំណាយជួសជុល ស្ពានឡើងវិញទាំងអស់មិនឲ្យបងប្អូនស្ទះផ្លូវធ្វើដំណើរនោះទេ ។
នាយប៉ុស្តិ៍នគរបាលឃុំតាអង លោកយឹម សុធី បានប្រាប់ឲ្យដឹងថា ស្ពានឈើនេះសាងសង់ដោយ គម្រោងអភិវឌ្ឍន៍ មូលនិធិឃុំដោយស្ពានឈើនេះ សាងសង់ប្រមាណ១០ឆ្នាំកន្លងទៅ រួចវាមានសភាព ទ្រុតទ្រោមចាស់ហើយ គាប់ជួនគោយន្តកែច្នៃដឹកជន្លង់ម្រេចបើកកាត់ទៀត ក៏បាក់ស្រុតតែម្តងទៅ ។ បច្ចុប្បន្នគោយន្តកែច្នៃត្រូវបាននគបាលប៉ុស្ថ៍នាំមករក្សាទុក នៅស្នាក់ការឃុំតាអងដើម្បីឲ្យម្ចាស់គោយន្ត មកធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនលើសទម្ងន់ឆ្លងកាត់ ស្ពានតទៅទៀត ។
ប្រភពព័ត៌មានដោយឡែក ទៀតប្រាប់ឲ្យដឹងថា គ្រាដែល អ្នកធំ អ្នកមាន នៅខេត្តរតនគិរីនាំគ្នា សម្រុកដាំម្រេចនោះ គឺជន្លង់ម្រេចមានហាងឆេងខ្ពស់ ហើយការកាប់បំផ្លាញព្រៃឈើ មានការកើនឡើងក្រោម ការបើកដៃពីមន្ត្រីជំនាញរដ្ឋបាល ព្រៃឈើខេត្តរតនគិរី ដោយបើកភ្លើងខៀវឲ្យអ្នកធំ និងអ្នកមានលុយទិញ ត្រង់សឹន័រ ជួលកម្មករ ដៃជើងចូលកាប់ អារ យ៉ាងអាណាធិបតេយ្យ ក្នុងព្រៃសហគមន៍ ព្រៃបំរុងទុករបស់រដ្ឋនៅ ភូមិសាស្ត្រស្រុកកូនមុំ ។
ទាក់ទិនទៅនិងករណី ខាងលើនេះ អ្នកសារព័ត៌មានមិនអាច សុំការបំភ្លឺពីលោក ហុង សុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើ ទទួលបន្ទុក ស្រុកកូនមុំ បានទេនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះដោយសារទូរស័ព្ទចុចមិនអាចទាក់ទងបាន៕
មតិយោបល់