Reuter) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយថាសហរដ្ឋអាមេរិកបានចាប់ផ្តើមដំណើរការដកបុគ្គលិកជាប់កិច្ចសន្យាទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថានដែលជាផ្នែកមួយនៃការដកកងទ័ពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក Joe Biden។
ការនិយាយដូច្នេះគឺជាការបង្ហាញយ៉ាងច្បាស់បំផុតថាការបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Biden កាលពីខែមេសានេះដើម្បីដកកងកម្លាំងសហរដ្ឋអាមេរិកទាំងអស់ចេញពីអាហ្វហ្គានីស្ថាននៅថ្ងៃទី ១១ ខែកញ្ញាបានពង្រីកដល់បុគ្គលិកជាប់កិច្ចសន្យាដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក។
នៅដែលគេពេលសួរថា តើមន្ទីរបញ្ចកោណបានចេញបញ្ជាឲ្យដកទាំងកងទ័ពអាមេរិក និងក្រុមហ៊ុនជាប់កិច្ចសន្យាផងដែរឬទេ លោក Austin បាននិយាយថា “យើងទទួលខុសត្រូវក្នុងការដកនូវគ្រប់សមាសភាពរបស់យើង ហើយក្នុងនោះក៏មានបុគ្គលិកជាប់កិច្ចសន្យាដែលឧបត្តម្ភ ដោយសហរដ្ឋ អាមេរិក ផងដែរ”។
នៅក្នុងសេចក្តីថ្លែងជាមួយអ្នកសារព័ត៌មាន លោក Austin មានប្រសាសន៍ថា បុគ្គលិកជាប់កិច្ចសន្យាទាំងនោះអាចចរចាឡើងវិញនូវកិច្ចសន្យារបស់ពួកគេបាននាពេលអនាគត។
គិតត្រឹមខែមេសា ចំនួនបុគ្គលិកជាប់កិច្ចសន្យារបស់មន្ទីរបញ្ចកោណជិត ១៧.០០០ នាក់ក្នុងនោះមានជនជាតិអាមេរិកប្រមាណ ៦.១៥០ នាក់ អាហ្វហ្គានីស្ថាន ៤.៣០០ នាក់ និង ៦.៤០០ នាក់មកពីប្រទេសដទៃទៀត។
ការចាកចេញរបស់បុគ្គលិកជាប់កិច្ចសន្យារាប់ពាន់នាក់ជាពិសេសអ្នកដែលបម្រើកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានធ្វើឲ្យមន្ត្រីសហរដ្ឋអាមេរិកមួយចំនួនមានការព្រួយបារម្ភអំពីសមត្ថភាពរបស់រដ្ឋាភិបាល និងយោធាអាហ្វហ្គានីស្ថានដើម្បីទ្រទ្រង់មុខងារសំខាន់ៗ ៕
មតិយោបល់