ស្ថានការណ៍កាន់តែចលាចល និងហិង្សាខ្លាំងណាស់ នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ។ ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានបាញ់គ្រាប់រ៉ូកែត យ៉ាងហោចជាង២០០គ្រាប់ ដោយក្នុងនោះ ជាង១០០គ្រាប់បានបាញ់សំដៅទៅទីក្រុងតែលអាវីវ ដែលជាទីក្រុងធំទី២របស់អ៊ីស្រាអែល ហើយប្រមាណ១០០គ្រាប់ទៀត បានសំដៅទៅក្រុង Beersheva ស្ថិតនៅភាគខាងត្បូងអ៊ីស្រាអែល។ ចំណែកក្រុមកម្លាំងប៉ាឡេស្ទីនមួយទៀត ឈ្មោះ ក្រុមជីហាដអ៊ីស្លាម ក៏បានប្រកាសថា នៅវេលាម៉ោង៥ទៀបភ្លឺ គេបានបាញ់គ្រាប់មីស៊ីល ចំនួន១០០គ្រាប់ ចេញពីតំបន់ហ្កាហ្សា ទៅលើទឹកដីអ៊ីស្រាអែលដែរ។
កងទ័ពអ៊ីស្រាអែល បានបាញ់មីស៊ីល និងទំលាក់គ្រាប់បែកឆ្លើយតបវិញយ៉ាងដំណំ នៅយប់ថ្ងៃអង្គារ ដោយបានកំទេចអាគារមួយចំនួន។ កងទ័ពអ៊ីស្រាអែល អះអាងថា កម្មវត្ថុគេ គឺកំទេចទីតាំង ដែលក្រុមហាម៉ាសប៉ាឡេស្ទីនលាក់ខ្លួន ឬជាទីតាំងប្រតិបត្តិការរបស់ក្រុមនេះ។ យ៉ាងណាមិញ អ៊ីស្រាអែលបានកំទេចអាគារមួយកន្លែង ដែលគេអះអាងថា ជាកន្លែងលាក់ខ្លួន របស់ មេក្លោងក្រុមហាម៉ាស ឈ្មោះ Hassan Kaogi និង Waël Issa។ ក្រុមហាម៉ាសអះអាងថា អាគារស្នងការនគរបាលមួយកន្លែង ត្រូវបានកំទេចដោយគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល។
គិតចាប់ពីថ្ងៃចន្ទមក គឺមានគ្រាប់មីស៊ីល និងរ៉ូកែត ប្រមាណ១០០០គ្រាប់ ដែលត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សា។ កងទ័ពអ៊ីស្រាអែល បានអះអាងថា ប្រព័ន្ធខែលមីស៊ីលរបស់គេ បានស្ទាក់កំទេចបានជាង៨០០គ្រាប់។ គិតត្រឹមពេលនេះ ខាងតំបន់ហ្កាហ្សា មានស្លាប់៣៥នាក់ ដែលក្នុងនោះ ១២នាក់ជាកុមារ ចំណែក ខាងអ៊ីស្រាអែល មានមនុស្សស្លាប់៥នាក់។ លោកស្រីរដ្ឋអាជ្ញាអមតុលាការព្រហ្មទណ្ឌអន្តរជាតិ បានលើកឡើងថា លោកស្រីកំពុងតាមដានស្ថានការណ៍នេះ និងកត់ត្រាទុក ព្រោះថាវាអាចជាឧក្រិដ្ឋកម្មសង្រ្គាម បង្កឡើងដោយកងទ័ពអ៊ីស្រាអែល។
រីឯនៅក្នុងទឹកដីអ៊ីស្រាអែលវិញ ប្រជាជនអារ៉ាប់ បានធ្វើបាតុកម្មហិង្សាជាច្រើនកន្លែង ដុតរថយន្ត វាយបំផ្លាញសម្បតិ្តសាធារណៈ បង្កឲ្យមានការប៉ះទង្គិចគ្នា ជាមួយសមត្ថកិច្ចអ៊ីស្រាអែល របួសច្រើនរយនាក់ណាស់។
មតិយោបល់