ពោធិ៍សាត់៖ ក្រោយពីទទួលបានព័ត៌មានពីករណីឃាតកម្មភ្លាម លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចេញបទបញ្ជាឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ ចេញប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យពីបទប្រើហឹង្សាមានស្ថានទម្ងន់ទោស(ក្លាយជាឃាតកម្ម)។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះអិត រ័ត្ន អាយុ៣២ឆ្នាំ ភេទប្រុស ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១៤រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានប្រើហឹង្សាមានស្ថានទម្ងន់ទោស(ក្លាយជាឃាតកម្ម)កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩នឹង៣០នាទី នៅចំណុចព្រៃអណ្តូងស្ថិតនៅភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួចរត់គេចខ្លួនហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុ។
របាការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ហុន ទឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុបានផឹកស៊ីជាមួយជនសង្ស័យឈ្មោះអិត រ័ត្ន ខណៈនៅពេលស្រវឹងជនរងគ្រោះបានជេរម្តាយ ជនសង្ស័យ ឆ្លើយថាឯងជេរម្តាយអញ ទិចឥឡូវហ្នឹង ឮដូច្នេះជនរងគ្រោះក៏ទាញកង់ជិះទៅយកកាំបិតពីផ្ទះមកកាប់ជនសង្ស័យចំកដៃ២កាំបិត ពេលនោះជនសង្ស័យបានយកពូថៅកាប់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះបានដួល ខណៈនោះជនសង្ស័យក៏ស្ទុះយកកាំបិតកកុកទៅកាប់លើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់ ហើយជនរងគ្រោះបានស្លាប់តាមផ្លូវខណៈពេលក្រុមគ្រួសារដឹកមកមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
របាយការណ៍បានបន្តថា បន្ទាប់ពីការពិនិត្យសាកសពដោយក្រុមគ្រូពេទ្យជំនាញកោសល្យវិច្ច័យខេត្តសហការជាមួយ មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ មន្ត្រីជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនិងអាជ្ញាធរព្រមទាំងក្រុមគ្រួសារសពនៅវេលាម៉ោង១០នឹង៤៥នាទីថ្ងៃទី១១ បានសន្និដ្ឋានថាជនរងគ្រោះឈ្មោះ ហុន ទឿន បានស្លាប់បណ្តាលមកពីការទំនាស់ពាក្យសម្តី ជេរគ្នាទៅវិញទៅមក ពេលផឹកស៊ីស្រវឹងរាងខ្លួន ហើយឈានទៅរកការប្រើហឹង្សា ដែលធ្វើឲ្យជនរងគ្រោះស្លាប់ដោយប៉ះទង្គិចនឹងវត្ថុរឹងមានមុខមុតនឹងមានទម្ងន់។ ជនរងគ្រោះស្លាប់លើសពី១២ម៉ោង។ សពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯជនសង្ស័យឈ្មោះអិត រ័ត្ន សមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោង១៤នឹង០០នាទីរសៀល ថ្ងៃទី១១ ឃើញមានរបួសស្នាម២កន្លែងត្រូវដៃ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់