នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា -ថៃ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥។
ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានមានប្រសាសន៍ថា កងកម្លាំង ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានឈរជើងអស់រយៈពេល៥ខែទៅហើយ គឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដែលកងកម្លាំងត្រូវបានបញ្ជូនមកនៅខ្សែបន្ទាត់ព្រំដែន។
លោកមេបញ្ជាការ បានបន្តថា នេះគឺជាបេសកកម្មដ៏ពិសេសដែលថ្នាក់លើប្រគល់ជូន ជាពិសេសគឺបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានការព្រួយបារម្ភខ្លាំងចំពោះការឆ្លងរីករាលដាល នៃជំងឺកាចសាហាវនេះ។
មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានបន្តថា គោលបំណងគឺក្តាប់សភាពការណ៍រួមទិសទី៣ ប៉ៃលិន ចំពោះការងារឈរជើង រៀបចំកម្លាំងបំពេញភារកិច្ចតាមចំណុចគោលដៅនីមួយៗ តើនៅមានចំណុចខ្វះខាតអ្វីខ្លះ? តើត្រូវមានវិធីសាស្ត្រអ្វីបន្ថែមទៀតដើម្បីទប់ស្កាត់ពលករកុំឲ្យឆ្លងដែនបាន។
នៅក្នុងឱកាសនោះផងដែរ មេបញ្ជាការយោធភូមិភាគទី៥ ក៏បានធ្វើការកោតសរសើរកងកម្លាំងទាំងអស់ ដែលអនុវត្តផែនការល្អប្រសើរទៅតាមបទបញ្ជាថ្នាក់លើបានដាក់ចុះ។ ឯកឧត្ដម មេបញ្ជាការ យោធភូមិភាគទី៥ ក៏បានដាក់បទបញ្ជាដាច់ខាត ដល់កងកម្លាំងទាំងអស់ ហាមដាច់ខាតការជួញដូរ ឬក៏ប្រើប្រាស់គ្រឿងញៀន៕
មតិយោបល់