ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស អមដំណើរដោយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីនារសៀលថ្ងៃទី០២ ខែកញ្ញានេះ បានចុះពិនិត្យមើលស្ថានភាពផ្លូវដែក ដែលទុកចោលជាច្រើនឆ្នាំ ហើយការចុះធ្វើការត្រួតពិនិត្យនេះធ្វើឡើងក្នុងគោល ដើម្បីឈានទៅដល់ការស្ថាបនាផ្លូវបេតុងលើគម្រោងម្ខាង១០ម៉ែត្រ តាមបណ្តោយផ្លូវរថភ្លើងនេះ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញបានឲ្យដឹងថា កំណាត់ផ្លូវរថភ្លើងដែលត្រូវស្ថាបនាជាផ្លូវបេតុងនេះត្រូវធ្វើឡើងដោយចែកចេញជា២ដំណាក់កាល ។ ក្នុងនោះដំណាក់កាលទី១ ស្ថាបនាចាប់ពីផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដល់ផ្លូវលេខ៧០ ដែលមានប្រវែងជាង៤,៦០០ម៉ែត្រ ។ដំណាក់កាលទី២ ស្ថាបនាចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
លោកប៉ា សុជាតិវង្ស ធ្លាប់បានអះអាងហើយថា គម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវ ដែកចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវនេះមិនតម្រូវឲ្យពលរដ្ឋរងផលប៉ះពាល់ ណាម្នាក់ចាកចេញពីតំបន់នេះឡើយ ដោយប្រើយុទ្ធសាស្រ្តកាត់បន្ថយផលប៉ះពាល់ឲ្យមកនៅកម្រិតទាបបំផុត។
គួរបញ្ជាក់ផងដែរថា ការអភិវឌ្ឍតំបន់នេះមានផលប្រយោជន៍ច្រើនណាស់ ដោយមិនត្រឹមតែមាន ផ្លូវស្រួលក្នុងការធ្វើចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលនៅសល់ដីពីការអភិវឌ្ឍនិងធ្វើបណ្ណ័កម្មសិទ្ធិឲ្យថែមទៀតផង។ ចំណែកអ្នកដែលរងផលប៉ះពាល់ទាំងស្រុងវិញ នឹងត្រូវចល័តទៅកន្លែងមួយ ផ្សេងទៀតប៉ុន្តែស្ថិតនៅមាត់ផ្លូវដែលគ្រោងស្ថាបនានេះដដែល។
អាជ្ញាធររាជធានីជារឿយៗបានជំរុញឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍនេះទៅពិចារណាឲ្យបានលឿនដើម្បី ឈានទៅស្ថាបនាផ្លូវឲ្យបានឆាប់ ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលគ្មានផ្លូវធ្វើចរាចរណ៍ត្រឹមត្រូវ ៕
មតិយោបល់