បើតាមប្រភពពីលិខិតប្រកាសមួយរបស់សេតវិមានអាមេរិក គឺលោក ចូ បៃដិន បានលើកឡើង ពីការបារម្ភទាក់ទិននឹងបញ្ហាផ្ទុះសង្គ្រាមនេះ ហើយលោកបានអំពាវនាវ ឲ្យទាំងសងខាងមានការអត់ធ្មត់។ ប្រភពដដែលនេះបន្ថែមថា តាមទូរស័ព្ទ លោក ចូ បៃដិន បានប្រាប់ទៅ លោក ម៉ាសមូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ថាអ៊ីស្រាអែលគេមានសិទ្ធិ ក្នុងការការពារប្រទេសគេ វាជារឿងត្រឹមត្រូវ។ ដូច្នេះ ដរាបណាក្រុមហាម៉ាស មិនឈប់បាញ់ប្លោងគ្រាប់រ៉ូកែត មកខាងអ៊ីស្រាអែលទេ គឺអ៊ីស្រាអែល នៅតែបន្តវាយតបទៅវិញជានិច្ច។
តែទន្ទឹមនឹងនេះ លោកចូ បៃដិន ក៏បានប្រាប់ទៅលោកណេតាន់យ៉ាហ៊ូដែរ ថាលោកមានការបារម្ភ ចំពោះសុវត្ថិភាព សន្តិសុខរបស់អ្នកកាសែតនៅតំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែល បានបាញ់កំទេចទីតាំងការិយាល័យរបស់ពួកគេ។ រីឯលោក រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានប្រាប់ទៅលោក Gary Pruitt នាយកទីភ្នាក់ងារព័ត៌មាន Associated Press ថារដ្ឋាភិបាលអាមេរិក គាំទ្រនិងការពារភាពឯករាជ្យរបស់បណ្តាញព័ត៌មាន។
ដូច្នេះជាសរុបរួម យើងសង្កេតឃើញថា គោលជំហរអាមេរិកនៅពេលនេះ គឺមានការប្រុងប្រយ័ត្នខ្លាំងណាស់ មិនបន្ទោសភាគីណាទាំងអស់ គឺនៅកណ្តាល។ យ៉ាងណាមិញ លោកចូ បៃដិន បានបញ្ជូនអ្នកតំណាងពិសេសម្នាក់ ឈ្មោះ Hady Amr ឲ្យទៅជួបភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីបើកផ្លូវចរចាគ្នា។
ប្រភព៖ RFI
មតិយោបល់