ភ្នំពេញៈ ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ត្រី នេត វន្ថា បានប្រាប់ថា តាមស្រុកខេត្តមួយចំនួននៅតែប្រឈមគ្រោះអគ្គិភ័យ ទោះជាមានការផ្គត់ផ្គង់រថយន្តពន្លត់អគ្គិភ័យគ្រប់ចំនួនក៏ដោយ នេះដោយសារតែតំបន់ខ្លះមិនមានទឹកប្រើប្រាស់គ្រាប់គ្រាន់។ ជាមួយគ្នានេះ លោកបានស្នើឲ្យប្រជាពលរដ្ឋចូលរួមសហការនៅមុនពេលមានអគ្គិភ័យកើតឡើងជាលក្ខណៈទ្រង់ទ្រាយធំ។
លោក នេត វន្ថា បានបញ្ជាក់នៅព្រឹកថ្ងៃទី៦ ខែមិថុនានេះថា “នៅឆ្នាំបន្ទាប់នៅមានទៀត បន្ទាប់ពីរដ្ឋាភិបាលបានបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យចំនួន១១៣គ្រឿង ពីប្រទេសចិន”។
https://www.youtube.com/watch?v=5uFy5iVEHO4
ជុំវិញករណីគ្រោះអគ្គិភ័យនៅឆមាសទី១ ឆ្នាំ២០១៦ មន្ត្រីជំនាញរូបនេះ បានសង្កត់ធ្ងន់ថា គ្រោះអគ្គិភ័យបានកើតឡើងចំនួន៤៣៣លើក សម្លាប់មនុស្ស១៣នាក់ និងរបួស២៨នាក់ ក្នុងនោះធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៦៨៨ខ្នង រោងចក្រចំនួន២ តូបលក់ដូរចំនួន១២២៦តូប រថយន្ត៣១គ្រឿង ម៉ាស៊ីនផ្លុំ២គ្រឿង រួមនឹងសម្ភារៈទ្រព្យសម្បត្តិមួយចំនួនធំ។ លោកថា គ្រោះអគ្គិភ័យភាគច្រើនបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដែលមានកំណើនរហូតដល់ទៅ ៤២% ក្រៅពីនោះ បណ្ដាលមកពីការប្រើប្រាស់ភ្លើង ៣៧% និងព័ត៌មានដែលសមត្ថកិច្ចក្បាប់មិនបានមាន ២១%បន្ថែមទៀត។
ការថ្លែងដោយប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បែបនេះ ធ្វើឡើងតាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន គ្រាដែលអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រយុទ្ធប្រឆាំងអគ្គិភ័យ និងសង្គ្រោះបន្ទាន់ ក្រោមជំនួយឧបត្ថម្ភរបស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (DCI បារាំង) ដែលមានរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។
អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានជំរុញឲ្យមន្ត្រីដែលចូលរៀននៅវគ្គបង្ការពន្លត់អគ្គិភ័យ ត្រូវយកចិត្តទុកដាក់ ព្យាយាមស្វែងយល់នូវមេរៀនទាំងនេះ ព្រោះតាមរយៈវគ្គនេះ នឹងផ្ដល់ចំណេះដឹងដល់មន្ត្រីជំនាញបន្ថែមក្នុងការអន្តរាគមន៍ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា៕
https://www.youtube.com/watch?v=SNHHphzX8Jk
មតិយោបល់