ខណៈដែលគំរោងសេចក្តីសម្រេចចិត្ត ស្នើដោយបារាំង ត្រូវបានជាប់គាំង នៅក្រុមប្រឹក្សាសន្តិសុខ ដោយសារតែសហរដ្ឋអាមេរិករារាំង ប្រទេសផ្សេងៗទៀត កំពុងព្យាយាម រកវិធីចរចា ដើម្បីឲ្យមានបទឈប់បាញ់ នៅហ្កាហ្សា។ លោកHeiko Mass រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានធ្វើដំណើរទៅជួបថ្នាក់ដឹកនាំអ៊ីស្រាអែល និងគ្រោងទៅជួបលោកម៉ាសមូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន នៅតំបន់ស៊ីហ្សកដានី។ តែយ៉ាងណា នេះគឺជាជំនួបដោយប្រយោល ព្រោះថារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ មិនអាចជួបមេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាទេ។
ដោយឡែក ក្រុមមន្ត្រីការទូតអេហ្ស៊ីបឯណោះ កំពុងព្យាយាមបើកផ្លូវចរចាដោយផ្ទាល់ ជាមួយក្រុមហាម៉ាសផង និងអ៊ីស្រាអែលផង។ ប្រភពពីមន្ត្រីទូតនៅហ្សេរុយសាឡឹម អះអាងថា ការប្រឹងប្រែងសម្រុះសម្រួល មិនទាន់ទទួលបានលទ្ធផលទេ។
លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់មន្ត្រីទូតបរទេសកាលពីថ្ងៃពុធថា កងទ័ពអ៊ីស្រាអែល កំពុងតែឈានទៅសម្រេចកម្មវត្ថុ គឺកំទេចសមត្ថភាពប្រយុទ្ធ គ្រឿងសព្វាវុធ និងក្បាលម៉ាស៊ីននយោបាយ របស់ក្រុមភេរវកម្មហាម៉ាស។ ដូច្នេះអ៊ីស្រាអែលបានប្តេជ្ញាហើយថា មិនឈប់បាញ់ទេ ល្គឹកណាកម្មវត្ថុមិនទាន់បានសម្រេច។ ដោយឡែក មេក្រុមហាម៉ាស Ismail Haniyeh បានអះអាងថា ក្រុមខ្លួន អាចបន្តទប់ទល់បានយូរ លើសពីអ្វី ដែលសត្រូវឈ្លានពានគិតស្មាន។
រឈមនឹងសោកនាដកម្ម នៅតំបន់ហ្កាហ្សានេះ អង្គការកាកបាទក្រហមអន្តរជាតិ បានប្រកាសថា ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ ក្រុមការងាររបស់កាកបាទក្រហម នឹងធ្វើដំណើរទៅតំបន់ហ្កាហ្សា ដើម្បីជួយប្រជាជនដែលរងរបួស និងត្រូវការជំនួយបន្ទាន់។ ដូច្នេះ វាគឺជាការទទួលខុសត្រូវដោយឥតប្រកែកបាន របស់ភាគីទាំងពីរ ដែលត្រូវការពារសុវត្ថិភាព របស់បុគ្គលិកអង្គការមនុស្សធម៌៕
មតិយោបល់