រដ្ឋមន្ត្រីការបរទេសជប៉ុន បានព្រមាននៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលក្រុងតូក្យូអាចបង្កកជំនួយទំាងអស់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលពួកមេដឹកនាំយោធាបន្តប្រើកម្លាំងយ៉ាងសាហាវបង្ក្រាបក្រុមប្រឆាំងរដ្ឋប្រហាររបស់ខ្លួន។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រទេសជប៉ុន គឺជាអ្នកផ្តល់ជំនួយដ៏ធំមួយដល់មីយ៉ាន់ម៉ា ហើយជប៉ុនបានផ្អាកជំនួយថ្មីរួចហើយបន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីលោកស្រី Aung San Suu Kyi មេដឹកនាំស៊ីវិល។
ក៏ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បានថ្លែងទៅកាន់កាសែត Nikkei ថា អាចមានការពង្រីកការបង្កកជំនួយ។
លោកបាននិយាយថា៖ «យើងមិនចង់ធ្វើដូច្នេះឡើយ ប៉ុន្តែយើងត្រូវតែបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា វាពិបាកណាស់ក្នុងការបន្ត [ផ្ដល់ជំនួយ] ក្នុងកាលៈទេសៈបែបនេះ»។
លោកបានបញ្ជាក់ថា «ក្នុងនាមជាប្រទេសមួយដែលគាំទ្រការធ្វើប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាតាមវិធីផ្សេងៗ ហើយក្នុងនាមជាមិត្ត យើងត្រូវតែធ្វើជាតំណាងសហគមន៍អន្តរជាតិ និងបញ្ជាក់យ៉ាងច្បាស់ពីបញ្ហានេះ» ។
ប្រទេសជប៉ុនបានប្រកាសកាលពីខែមីនាថា ខ្លួនបានបញ្ឈប់រាល់ជំនួយថ្មីៗទំាងអស់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីឆ្លើយតបនឹងរដ្ឋប្រហារយោធា ទោះបីជាខ្លួនមិនមានដាក់ទណ្ឌកម្មលក្ខណ:បុគ្គលទៅលើមេដឹកនាំយោធា និងប៉ូលិសដូចប្រទេសមួយចំនួនទៀតបានធ្វើក៏ដោយ។
មនុស្សជាង៨០០នាក់ បានត្រូវគេសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីពួកយោធាបានបណ្តេញលោកស្រី Aung San Suu Kyi នៅក្នុងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក។
លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានប្រាប់សន្និសីទកាសែតថា «ប្រជាពលរដ្ឋមីយ៉ាន់ម៉ា រំពឹងនិងសង្ឃឹមថា រដ្ឋាភិបាលជប៉ុននឹងចាត់វិធានការដ៏ជាក់លាក់»៕
មតិយោបល់