សៀវភៅដែលមានឈ្មោះថា «The Taste of Angkor» ហើយដែលត្រូវបានសម្រិតសម្រាំង និងចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងមានកិត្តិយសចូលរួមក្នុងពិធីតាំងពិព័រណ៍សៀវភៅមុខម្ហូប លំដាប់ពិភពលោក នៅគេហដ្ឋានរបស់លោក អាល់ហ្វ្រេត ណូបែល (Alfred Nobel) នៅទីក្រុង Björkborn ប្រទេសស៊ុយអែត ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

យោងទៅតាមការផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង កាលពីថ្ងៃម្សិលមិញ បានបញ្ជាក់ឱ្យដឹងផងដែរថា ការប្រារព្ធពិធីតាំងពិព័រណ៍សៀវភៅមុខម្ហូប លំដាប់ពិភពលោកលើកនេះ ក៏ត្រូវនឹងខួបលើកទី២៥ឆ្នាំ នៃពានរង្វាន់ហ្គ័រម៉ង់ (Gourmand) ផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានមានប្រសាសន៍ថា “… សៀវភៅមុខម្ហូបនេះ បានប្រែក្លាយប្រពៃណីខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ទៅជារូបមន្តធ្វើម្ហូបជាក់ស្តែង សម្រាប់មុខម្ហូបដែលប្រជាជនខ្មែរចូលចិត្តបំផុត។ សៀវភៅនេះ ក៏បង្ហាញពីភាពសម្បូរបែបនៃកេរ្តិ៍តំណែលមុខម្ហូបខ្មែរ ដែលគួរតែចែករំលែកជាមួយមិត្តភក្តិទាំងអស់ នៅទូទាំងពិភពលោកផងដែរ … ”៕


មតិយោបល់