ព័ត៌មានជាតិ

Update៖ យុវជនម្នាក់ សង្ស័យប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត បណ្តាលឲ្យដេកគាំងបេះដូងស្លាប់

ភ្នំពេញ: មានករណីយុវជនម្នាក់ សង្ស័យប្រើសារធាតុញៀនលើសកម្រិត ដេកគាំងបេះដូងស្លាប់ ក្នុងបរិវេណរបងផ្ទះម្តាយមីងរបស់ខ្លួន ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះមួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្នុងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ម៉ាត់ ដារ៉ាមីន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅជាមួយម្តាយមីង ក្នុងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺវេលាម៉ោង៩យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បុរសខាងលើមកពីដើរលេង មកដល់ផ្ទះបានហៅម្តាយមីង ដើម្បីសុំលុយចាយតែម្តាយមីងរបស់ជនរងគ្រោះ សម្រានលក់មិនបានបើកទ្វារឲ្យ លុះក្រោយមកមានសាច់ញាតិរបស់ជនរងគ្រោះផ្សេងទៀត បានឲ្យលុយចំនួន៣ម៉ឺនរៀល រួចក៏ជនរងគ្រោះដើរទៅបាត់មិនដឹងថា ត្រឡប់មកវិញនៅម៉ោងប៉ុន្មាននោះទេ ។

លុះស្រាប់តែព្រឹកឡើងម៉ោងប្រហែលម៉ោង៦និង២០ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំដដែល ស្រាប់តែម្តាយមីងរបស់ជនរងគ្រោះ ប្រទះឃើញក្មួយរបស់ខ្លួនដេកស្លាប់ នៅក្នុងបរិវេណរបស់ផ្ទះរបស់គាត់ ។ ចំពោះសពខាងលើ តាមព័ត៌មានឱ្យដឹង គឺតែងតែប្រើប្រាស់នូវសារធាតុញៀន ជាញឹកញាប់ផងដែរ ហើយគេសង្ស័យថា សពអាចប្រើប្រាស់សារធាតុញៀនលើសកម្រិត ។

បន្ទាប់ពីកើតបានប្រទះឃើញក្មួយស្លាប់ភ្លាម ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យរួចសមត្ថកិច្ចក៏រាយការណ៍ ទៅក្រុមគ្រូពេទ្យមកពិនិត្យកំហាក ឃើញអវិជ្ជមាន រួចសមត្ថកិច្ចមូលដ្ឋានសន្និដ្ឋានថា សពបុរសខាងលើ ស្លាប់ដោយគាំងបេះដូង សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់