ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ របស់យោធភូមិភាគពិសេស បានបន្តចុះចាក់វ៉ាក់សាំងដូសទី២ ជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ របស់យោធភូមិភាគពិសេស បានបន្តចុះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ជូនដល់ប្រជាពលរដ្ឋ ៣គោលដៅ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានអនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និងអនុវត្តតាមបទបញ្ជា មេបញ្ជាការកងទ័ពជើងគោក។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានអនុញ្ញាតឱ្យប្រធានគោលដៅទាំង៣ ចែកប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលបានចាក់ ដូសទី១រួច និងត្រូវចាក់ដូសទី២ បន្តជារៀងរាល់ថ្ងៃ។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ក៏បានណែនាំដល់ ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យយកចិត្តទុកដាក់ធ្វើការ សហការឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ទាំង៣សង្កាត់ ដើម្បីធ្វើយ៉ាងណាឲ្យដំណើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រព្រឹត្តទៅរលូនតាមផែនការ និងមានសណ្តាប់ធ្នាប់របៀបរៀបរយតាមលក្ខណៈបច្ចេកទេសធានាសុវត្ថិភាព មិនឲ្យមានការឆ្លងមេរោគកូវីដ-១៩ នៅទីតាំងចាក់វ៉ាក់សាំងមកដល់ក្រុមការងារ និងប្រជាពលរដ្ឋដែលបានមកទទួលវ៉ាក់សាំង។
សូមជម្រាបជូនថា ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩របស់យោធភូមិភាគពិសេស បានចូលរួមក្នុង យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២១មក បានចំនួន ៦៣.២៤៩នាក់។ ចំណែកដូសទី២ បានលទ្ធផលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២១ ចំនួន ៤.៣៤៣នាក់។ ហើយបច្ចុប្បន្នកំពុងដំណើរការបន្តនៅតាមទីតាំងដដែល៕

មតិយោបល់