ព័ត៌មានជាតិ

ស្តាយឡាន! រថយន្តលុចស៊ីសNX-200t ស៊េរីទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2BB-0088 បុកឃឿនផ្លូវក្រឡាប់រថយន្តផ្ងារជើងទ្រមេឃ

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តលុចស៊ីស NX200t ស៊េរីទំនើបមួយគ្រឿង បើកក្នុងល្បឿនលឿនដូចហោះ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មុខវត្តស្ទឹងមានជ័យ) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត Lexus NX-200t ពណ៌ស ស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB-0088 បើកតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តនោះក្រឡាប់ផ្ងារជើងច្រង៉ាង រងការខូចខាតរថយន្តយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ រីឯម្ចាស់រថយន្តបានជិះរថយន្តមួយគ្រឿងទៀតរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនិងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់