ព័ត៌មានជាតិ

មេបញ្ជាការយោធភូមិភាគទី៤ ដាក់ទិសដៅដល់អង្គភាពចំណុះ ត្រូវតាមដានក្ដាប់សភាពការណ៍ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម គ្រោះមហន្តរាយផ្សេងៗ ដើម្បីជួយដោះស្រាយឲ្យទាន់ពេលវេលា

ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានដាក់ចេញនូវទិសដៅ ដល់អង្គភាពចំណុះនីមួយៗ ត្រូវតាមដានក្ដាប់សភាពការណ៍ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម គ្រោះមហន្តរាយផ្សេងៗ ដើម្បីជួយដោះស្រាយឲ្យទាន់ពេលវេលា ជូនប្រជាពលរដ្ឋ។
លោកមេបញ្ជាការ ក៏បាន និងដាស់តឿនដល់បណ្ដាកងឯកភាពដែលនៅជាប់តាមបណ្ដោយព្រំដែន បន្តយកចិត្តទុកដាក់លើបញ្ហាព្រំដែន ត្រូវសហការដើរល្បាត ក៏ដូចជាសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងទប់ស្កាត់ឲ្យខាងតែបាននូវការលួចឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ ក្នុងការគេចវេសពីការធ្វើចត្តាឡីស័ក ដើម្បីកាត់ផ្ដាច់ការចំលងរីករាលដាលនូវជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍បន្ថែមទៀត។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងគ្រាឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែមេសា និងទិសដៅអនុវត្តន៍បន្ត របស់យោធភូមិភាគទី៤ កងទ័ពជើងគោក ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ដែលស្របនឹងស្ថានភាពនៃជំងឺកូវីដ-១៩កំពុងមានការឆ្លងរាលដាលជាទំងន់ គួបផ្សំជាមួយនិងគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ដែលកំពុងតែកើតមាននៅក្នុងភូមិសាស្រ្តរបស់យោធភូមិភាគទី៤ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសផងដែរ។
ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានវាយតម្លៃខ្ពស់ កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់មេបញ្ជាការគ្រប់អង្គភាព តាមបណ្តាស្ថាប័ន ជំនាញពាក់ព័ន្ធចំណុះយោធភូមិភាគទី៤ និងតាមបណ្តាក្រុមការងារដែលបានចាត់តាំងឡើងទាំងអស់ដែលកន្លងមកអនុវត្តន៍បានយ៉ាងល្អ តាមបទបញ្ជា និងតាមការណែនាំដែលថ្នាក់លើបានប្រគល់ជូន។
មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ក៏បានផ្ដាំផ្ញើដល់ មេបញ្ជាការ គ្រប់កងឯកភាព សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងពេលបំពេញភារកិច្ចក្នុងអង្គភាពនីមួយៗ ត្រូវតែមានការវាស់កម្ដៅ និងបាញ់អាកុលសម្អាតដៃជាប្រចាំ និងត្រូវតែគោរពតាមគោលការណ៍ ៣ការពារ ៣កុំ និង២ចូលរួម ឲ្យបានខ្ជាប់ខ្ជួនជានិច្ច បើទោះបីជានាយទាហាន នាយទាហានរង និងពលទាហានរបស់យើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងពីរលើកយ៉ាងណាក៏ដោយ៕

មតិយោបល់