ព័ត៌មានជាតិ

កម្លាំងនគរបាលកម្ពុជា សហការជាមួយភាគីថៃ ឃាត់អ្នកឆ្លងដែនដោយខុសច្បាប់ចំនួន​២០​នាក់ និងមុខសញ្ញាសង័្សយថាជា​មេខ្យល់ចំនួន០២នាក់

កាលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបង និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី លី បួយ ស្នងការរងទទួលដឹកនាំផែនការងារនគរបាលព្រំដែនគោក លោកវរសេនីយ៍ឯក ស៊ិន ប៊ុនរស្មី ស្នងការរង រួមជាមួយលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេ​នា​តូចនគរបាល ការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកងកម្លាំងក្នុងអង្គភាព សហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅចំណុចឈរជើង ព្រមទាំងអាជ្ញាធរថៃបានធ្វើការទប់ស្កាត់ករណី​នាំចេញដោយមិនស្របច្បាប់នៅចំណុចភូមិសាស្រ្តទទួលខុសត្រូវក្នុងស្រុកកំរៀង ខេត្តបាត់ដំបង
ក្នុងនោះបានរកឃើញមនុស្សប្រុស ស្រីចំនួន ២០នាក់ដែលមានទាំងកុមារតូចផង ហើយ​ករណីនេះ ត្រូវបានដាក់ការសង័្សយថាមានមនុ​ស្សជាមេខ្យល់ចំនួន០២នាក់ ប៉ុនប៉ងនាំឆ្លងដែនទៅកាន់ប្រទេសថៃ ដោយមិនស្របច្បាប់។
សូមជម្រាបជូនថា ក្នុងស្ថានភាពដែលប្រទេសថៃ កំពុងមានកំណើនករណីឆ្លងជម្ងឺកូវីដ១៩ រាល់ថ្ងៃ និងមានបងប្អូនប្រជាពលករដែលកំពុងធ្វើការនៅប្រទេសថៃចាកចេញពីប្រទេសថៃ ចូលមក​ប្រទេសកម្ពុជា រាល់ថ្ងៃដែលក្នុងនោះបានរកឃើញ ថាពួកគាត់មួយចំនួនបាននាំយកនូវវីរូស​នៃជម្ងឺកូវីដ១៩មកជាមួយផងនោះ ពេលទន្ទឹមគ្នាក៏ឃើញមានប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងព្យាយាម ចាកចេញពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ដោយមិនស្របច្បាប់ តាមរយៈការអូសទាញដឹកនាំរបស់មុខសញ្ញាជាមេខ្យល់ ដែលស្ថានភាពបែបនេះ ពួកគាត់កំពុងប្រថុយប្រថានយ៉ាងខ្លាំងទាំងករណីឆ្លងជម្ងឺកូវីដ១៩ផងនិងចំ​ពោះ​​អំពើល្មើសច្បាប់ផង ។
ទិដ្ឋភាពចំនួនពីរក្នុងពេលតែមួយដូចខាងលើនេះ តម្រូវឱ្យសមត្ថកិច្ចនគរបាល និងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ដែលកំពុងឈរជើងបំពេញភារកិច្ចនៅចំណុចជួរមុខ បង្កើនសកម្មភាពទ្វេរដង ទាំងការស្វែងរកពួកគាត់ដែលឆ្លងចូល មកពីប្រទេសថៃ តាមច្រករបៀងដើម្បីនាំទៅធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលផង និងស្វែងរកពួកគាត់ នៅក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីរារាំង ទប់ស្កាត់ឱ្យបាននូវករណី នាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃផង។
ពួកគាត់ទាំងអស់បន្ទាប់ពីបានធ្វើការឃាត់ខ្លួនរួច​ហើយ បាននាំទៅប្រគល់ជូនសមត្ថកិច្ចនគរបាល​នៃអធិការដ្ឋាននគរបាលស្រុក កំរៀងដើម្បីធ្វើកា​រ​ សាកសួរនិងអនុវត្តបន្តតាមនីតិវិធី៕
ប្រភព៖​​​​​​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

មតិយោបល់