ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្ស៥នាក់ ស្លាប់និងរងរបួសធ្ងន់ស្រាល

ស្ទឹងត្រែងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងមនុស្សចំនួន៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨និង០២នាទី លើផ្លូវលេខ០២ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង/ខេត្តស្ទឹងត្រែង ។

លោកវរសេនីយ៍ឯក ហុង យូ ប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា អ្នកបើកបរឈ្មោះ វុធ ចាន់ថារិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បើកបររថយន្តម៉ាក តាកូម៉ា ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ ២Y-៧៧១២ ទិសដៅពីលិចទៅកើត មានអ្នករួមដំណើរចំនួន ០៣នាក់ (ស្រី០១នាក់) បានបុកជាមួយម៉ូតូម៉ាកស៊ីរូស ពណ៌ក្រហម គ្មានផ្លាកលេខ បើកពីលិចទៅកើត អ្នកបើកបរឈ្មោះ អា គ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង/ខេត្តស្ទឹងត្រែង បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ របួសស្រាល ៣នាក់ និងធ្វើឱ្យខូចខាតម៉ូតូនិងរថយន្តតូចខូចធ្ងន់ ០២គ្រឿង ។ លោកវរសេនីយ៍ឯក ហុង យូ បន្តថាមូលហេតុ បើកបរហួសល្បឿនកំណត់ ៕

មតិយោបល់