ព័ត៌មានជាតិ

ប្រជាពលរដ្ឋ និង កម្មករ រោងចក្រ ក្នុង តំបន់ ផ្សារ ព្រៃទាមានឆ្លង ជំងឺ កូ វីដ-១៩ ជាង ៦០០ នាក់ ថ្ងៃនេះ ខណៈ អាជ្ញាធរ បិទ ខ្ទប់ តំបន់ នេះ ហាម មិន ឱ្យ ប្រជាពលរដ្ឋ ធ្វើដំណើរ ចេញ – ចូល

ចំនួន​ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ​ ក្នុង​តំបន់​ផ្សារ​ព្រៃទា ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មាន​ជាង​៦​០០​នាក់​ គិត​ត្រឹម​ថ្ងៃទី​២៧​នេះ ​ខណៈ​អាជ្ញាធរ​បិទ​ខ្ទប់​តំបន់​ផ្សារ​ព្រៃទា​ ហាម​មិន​ឱ្យ​ប្រជាពលរដ្ឋ ​ធ្វើដំណើរ​ចេញ​-​ចូល​។

យោងតាម​អាជ្ញាធរ​មូលដ្ឋាន តំបន់​ព្រៃទា​ទាំងមូល ​ត្រូវបាន​បិទ​បណ្តោះអាសន្ន ​ដើម្បី​អាជ្ញា​ធរមាន​សមត្ថកិច្ច ​យក​សំណាក​របស់​ប្រជាពលរដ្ឋ ​និង​កម្មករ ​មាន​លំនៅឋាន​ក្នុង​តំបន់​បិទ​ខ្ទប់​ ធ្វើ​វិភាគ​រក​ជំងឺ​កូ​វីដ​-១៩​។

រោងចក្រ Hand Seven បាន​បិទទ្វារ​បណ្តោះ​អាសន្ន​តាំងពី​ថ្ងៃទី​២៣ ​ខែឧសភា ​ដើម្បី​ធ្វើ​យក​សំណាក​ធ្វើតេស្ត ​បន្ទាប់ពី​សង្ស័យ​មានការ​ឆ្លង​មេរោគ​។ ​ចំនួន​កម្មករ​រោងចក្រ ​Hand Seven ​បាន​ពិនិត្យឃើញ ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​បាន​កើន​ឡើងជា​បន្តបន្ទាប់​។​ កម្មករ​ផ្សេងទៀត ​បន្ទាប់ពី​ការ​យក​សំណាក គឺ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ​តាម​ផ្ទះ និង​បន្ទប់​ជួល​រៀងខ្លួន ​ដើម្បី​តាមដាន​សុខភាព​។

អាជ្ញាធរ​មូលដ្ឋាន​ បញ្ជាក់ថា ដោយសារ​កម្មករ​រោងចក្រ ​មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ហើយ​បាន​ប៉ះពាល់​ដោយ​ប្រយោល ជាមួយ​នឹង​ប្រជាពលរដ្ឋ ដែល​ជា​អ្នកលក់​នៅមុខ​រោងចក្រ​ និង​មាន​លំនៅឋាន នៅក្នុង​តំបន់​រោងចក្រ ​និង​ម្ចាស់​បន្ទប់​ជួល​ដែល​កម្មករ​រស់នៅ​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​នាំ​យក​រនាំង​ដែក និង​ដាក់​ពង្រាយ​កម្លាំង​បិទ​ខ្ទប់​ចំនួន​១៤​គោលដៅ​ម្តុំ​ផ្សារ​ព្រៃទា ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្នុងការ​ដាក់​ពង្រាយរនាំង​ដែក​នេះ​ អាជ្ញាធរ​ហាមឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​ខាងលើ​ធ្វើដំណើរ​ចេញ​-​ចូល និង​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខាងក្រៅ​ធ្វើដំណើរ​ចូល​ក្នុង​តំបន់​នោះទេ ដើម្បី​បង្ការ​ទប់ស្កាត់​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ទៅ​តំបន់​ផ្សេងទៀត ។

ដោយសារ​អត្រា​ឆ្លង​ថ្មី​កើនឡើង​ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានកំណត់​ ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃទា​១ នៃ​សង្កាត់​ចោមចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​រោងចក្រ​ Hand Seven ​មាន​ទីតាំង​ក្នុង​តំបន់​ភូមិសាស្ត្រ​នេះ ​ជា​តំបន់​លឿងទុំ​សម្រាប់​អនុវត្ត​រយៈពេល ​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​ នា​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​០៩ ​ខែមិថុនា ឆ្នាំ​២០២១​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ៕​

 

 

មតិយោបល់