ក្នុងរយៈពេលចុងក្រោយនេះ ការអំពានាវឲ្យបើកការស៊ើបអង្កេតថ្មី និងស៊ីជ្រៅដើម្បីស្វែងរកប្រភពដើមរបស់វីរុសកូវីដ១៩ បានកើតមានឡើងយ៉ាងផុសផុល។ ចំណែកការសង្ស័យពីការបែកធ្លាយវីរុសកូវីដ១៩ ចេញពីមន្ទីរពិសោធន៍ចិននៅក្រុងវូហានដែលត្រូវបានអ្នកជំនាញខ្លះហាក់លែងចាប់អារម្មណ៍ទៅហើយនោះក៏ស្រាប់តែកំពុងកក្រើកឡើងវិញយ៉ាងផុសផុលដែរ។ តែលោកស្រី Fadela Chaib អ្នកនំាពាក្យអង្គការសុខភាពពិភពលោក WHO បានថ្លែងនៅក្នុងសន្និសីទកាសែតនាថ្ងៃសុក្រ ទី២៨ ឧសភាថា WHO កំពុងសិក្សាលើអនុសាសន៍នៃរបាយការណ៍ស្តីពីប្រភពដើមកូវីដ១៩ ដែលបានផ្សព្វផ្សាយកាលពីដំណាច់ខែមីនា។
គឺជារបាយការណ៍ដែលក្រុមអ្នកជំនាញអន្តរជាតិបានចុះទៅស្រាវជ្រាវនៅក្នុងទីក្រុងវូហានដោយមានការសហការពីក្រុមអ្នកវិទ្យាសាស្រ្តចិន។ ក្នុងចំណោមសម្មតិកម្មទាំង ៤ ដែលរបាយការណ៍បានសន្និដ្ឋាន មានសម្មតិកម្មមួយដែលអាចយកជាការបាន គឺវីរុសកូវីដ១៩ មានប្រភពដើមពីសត្វប្រចៀវ រួចឆ្លងទៅសត្វមួយទៀត មុននឹងឆ្លងទៅមនុស្ស។ គ្រាន់តែថា គេនៅមិនដឹងសត្វមួយទៀតហ្នឹងជាសត្វអ្វីទេ។
អ្នកនំាពាក្យ WHO លោកស្រី Fadela ឲ្យដឹងថា ក្រុមបច្ចេកទេសនឹងរៀបចំសំណើមួយស្តីពីការសិក្សាដែលត្រូវធ្វើនាពេលខាងមុខ និងដាក់សំណើនេះទៅកាន់អគ្គនាយក WHO លោកទេដ្រូស។ តែលោកស្រី Fadela មិនបានលំអិតពីកាលវិភាគឲ្យបានច្បាស់លាស់ទេ។
ស្វែងរកការពិតជុំវិញប្រភពដើមរបស់កូវីដ១៩ ត្រូវបានគេចាត់ទុកជារឿងសំខាន់ដើម្បីបញ្ជៀសកុំឲ្យមានករណីឆ្លងសកលជាថ្មីនាពេលអនាគត។ នៅក្នុងន័យនេះ ប្រធានាធិបតិអាមេរិកលោកបៃដិនបានអំពាវនាវក្នុងថ្ងៃពុធ ទី២៦ ឧសភាឲ្យក្រសួងស៊ើបការណ៍សម្ងាត់អាមេរិកប្រឹងប្រែងទ្វេដងដើម្បីពន្យល់ពីប្រភពដើមកូវីដ១៩ និងចង់បានរបាយការណ៍មួយនៅ ៩០ថ្ងៃខាងមុខ។
ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យបន្តការស្រាវជ្រាវលើសម្មតិកម្មសំខាន់ រួមទាំងសេណារីយ៉ូផ្សេងទៀត និងថា គេមិនគួរចាប់អារម្មណ៍លើសេណារីយ៉ូដែលនិយាយពីវីរុសកូវីដ១៩ ធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហានទេ។
តែអ្នកនំាពាក្យ WHO លោកស្រី Fadela បានគូសបញ្ជាក់ថា ការសិក្សាលើសេណារីយ៉ូផ្សេងទៀតជារឿងចាំបាច់ ក្នុងនោះក៏មានសេណារីយ៉ូស្តីពីវីរុសកូវីដ១៩ បែកធ្លាយចេញពីមន្ទីរពិសោធន៍ចិនក្នុងក្រុងវូហានដែរ។ នេះពិតជាសេណារីយ៉ូមួយដែលចិនមិនចង់ដឹង មិនចង់ឮ និងធ្លាប់បានអះអាងថា គេគួរណាតែបន្តការស្រាវជ្រាវរកប្រភពដើមកូវីដ១៩ នៅក្រៅទឹកដីចិនផងទៅ៕
មតិយោបល់