ព័ត៌មានជាតិ

ស្ត្រីលក់អាហារអឺរ៉ុបយីហោ ដឹរេដហ្គោរបារ សម្លាប់មិត្តខ្លួនឯងកាត់ជាកង់ៗបោះចូលក្នុងទន្លេ ពេលនេះតុលាការសម្រេចដាក់ពន្ធានាគារមួយជីវិត

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ តុលាការបានសម្រេចផ្តន្ទាទោសស្រ្តីម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីឃាតកម្មសម្លាប់មិត្តខ្លួនឯង នៅចំណុចផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ដោយកាត់សាកសពជនរងគ្រោះជាបំណែកៗ(កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ តាមគំនរសំរាមនិងនៅក្នុងទន្លេ។

ជនសង្ស័យឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានប្តីដល់ទៅ៦នាក់ (ប្តីទី១មានកូន១ ទី២មានកូន២ ទី៣មានកូន១ ទាំង៣នាក់ដំបូងនេះជាប្តីជនជាតិខ្មែរ ឯប្តីទី៤មានកូន១ ប្តីទី៥គ្មានកូន និងទី៦គ្មានកូន ទាំង៣នាក់ក្រោយនេះ គឺជាប្តីជនជាតិបរទេស)។
ជនរងគ្រោះ ឈ្មោះ គឹម យ៉ានាង ជាម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ មេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

គួររំលឹកផងដែរថា៖ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានក្មេងស្រីម្នាក់ បានកាន់រូបថតម្តាយ ដើរសួរគេឯងតាមផ្លូវទាំងយប់ ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ព្រមទាំងអំពាវនាវសុំឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយរកម្តាយខ្លួន បណ្តាលឲ្យមានការភ្ញាក់ផ្អើលគេឯង ផ្តោតការចាប់អារម្មណ៍ និង អាណិតអាសូរក្មេងស្រីនោះគ្រប់គ្នា។ ដំណឹងសួររកម្តាយនេះ ធ្វើឲ្យមានការចាប់អារម្មណ៍ ដល់សមត្ថកិច្ចអាវុធហត្ថភ្នំពេញដុតដៃដុតជើង ចេញស្រាវជ្រាវជួយតាមរកជនរងគ្រោះដែលបាត់ខ្លួននោះ រហូតដល់យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាវុធហត្ថខណ្ឌដូនពេញ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌ សហការណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវកំណត់អង្គហេតុនៃករណីបាត់ខ្លួនខាងលើ សង្ស័យជារឿងឃាតកម្ម និងកំណត់អត្តសញ្ញាណជនសង្ស័យ ឈានទៅដល់ការបំបែកសំណុំរឿង ឃាត់ខ្លួនជនសង្ស័យមកសួរនាំ រហូតជនសង្ស័យព្រមសារភាពទទួលកំហុស។

មូលហេតុ៖ ជនរងគ្រោះបានទារលុយដែលជនសង្ស័យជំពាក់ចំនួន៧០០ដុល្លារ តែជនសង្ស័យប្រកែកសុំសងតែ៣០០ដុល្លាប៉ុណ្ណោះ ប៉ុន្តែជនរងគ្រោះមិនព្រម ហើយថែមទាំងគម្រាមថា បើមិនសងលុយគ្រប់ចំនួនទេ គេនឹងប្រាប់ម្ចាស់បំណុលផ្សេងៗឲ្យស្គាល់ផ្ទះ ដើម្បីទារលុយព្រមៗគ្នា (ព្រោះជនសង្ស័យជំពាក់លុយគេច្រើន)។ ពេលនិយាយគម្រាមរួចហើយ ជនរងគ្រោះក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ និងឋិតក្នុងការព្រួយបារម្ភថា ជនរងគ្រោះនឹងផ្សព្វផ្សាយដំណឹង ដែលខ្លួនជំពាក់លុយគេច្រើននេះ ឲ្យលឺដល់ប្តីរបស់ខ្លួន ជនសង្ស័យក៏បានដើរ ទៅតាមក្រោយជនរងគ្រោះ យកដៃស្តាំច្របាច់ក ហើយយកម្រាមដៃឆ្វេងរុកច្រមុះឲ្យថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់ បាត់ស្មារតី ទើបជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឲ្យកក រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ជនសង្ស័យបានដាក់ថ្នាំងង៉ុយដេកក្នុងទឹកតែ ឲ្យប្តីដែលជាជនជាតិអាមេរិកកាំងផឹក រហូតប្តីទន់ដៃទន់ជើងឡើងទៅដេកលក់ស្ងាត់ ទើបជនសង្ស័យយកកាំបិតមកកាត់សាកសព ជនរងគ្រោះជាបំណែកៗ(កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាមនិងនៅក្នុងទន្លេតែម្តង ទម្រាំតែសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរកមុខឃាតករឃើញ គឺប្រើពេលរហូតដល់ទៅ១សប្តាហ៍៕

មតិយោបល់