ព័ត៌មានជាតិ

ពលរដ្ឋរាប់រយនាក់នៅស្រុកកៀនស្វាយ រំសាយការតវ៉ាបិទផ្លូវជាតិលេខ១ ក្រោយការសម្របសម្រួលពីអាជ្ញាធរខេត្តកណ្ដាល

នៅយប់ថ្ងៃ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងមន្ត្រីជំនាញ បានចុះដោយស្រាយបញ្ហាតវ៉ាបិទផ្លូវជាតិលេខ១ របស់ប្រជាពលរដ្ឋ មានវិវាទដីធ្លី រស់នៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទាំងយប់ ដោយបានធ្វើការដោះស្រាយចំពោះការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ១ ដោយខុសច្បាប់ ដើម្បីឱ្យអជ្ញាធរដោះលែងយុវជនម្នាក់ ដែលអជ្ញាធរបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួររឿងវិវាទដីធ្លី កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។

ក្រោយពេលជួបពិភាក្សាគ្នាអស់ជាច្រើនម៉ោង ប្រជាពលរដ្ឋក៏បានយល់ព្រមទទួលយកការសម្របសម្រួលនេះ និង ត្រឡប់ទៅលំនៅឋានវិញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះទៀត នៅសាលាស្រុកកៀនស្វាយ បន្តទៀត ។

គួរបញ្ជាក់ថា នៅក្នុងយប់នោះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល ព្រះរាជអាជ្ញារងខេត្ត និង អាជ្ញាធរស្រុកកៀនស្វាយ ផងដែរ ៕

ប្រភព៖​​​​​​ AKP

 

 

មតិយោបល់