ព័ត៌មានជាតិ

ឃាត់ខ្លួនពលរដ្ឋខ្មែរ២នាក់ដែលលួចឆ្លងដែនពីទឹកដីថៃ ចូលមកកម្ពុជាវិញដោយខុសច្បាប់ ក្នុងភូមិសាស្ត្រចាក់ច្រែងព្រំដែនកម្ពុជា-ថៃ

ព្រះវិហារ៖ ប្រជាពលរដ្ឋខ្មែរ២នាក់ ត្រូវបានកងកម្លាំង នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ធ្វើការឃាត់ខ្លួនខណ:ពេលដែលពួកគាត់លួចឆ្លងដែនចេញពីទឹកដីថៃ ចូលមកកម្ពុជាវិញដោយខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើង កាលពីវេលាម៉ោងប្រមាណជាង៩ ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រចាក់ច្រែង នៃទិសទី១ ប្រាសាទព្រះវិហារ។
យោងតាមកំណត់ហេតុ របស់នាយការិយាល័យទី ប៉ុន្មាន កងពលតូចអន្តរាគមន៍លេខ៨ លោកវរសេនីយ៍ទោ ផង អឿន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋខ្មែរទាំងពីរនាក់នេះ បានលួចឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃ បំណងរកការងារធ្វើតាមច្រកព្រំដែនជាំស្រងាំ រហូតមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ក៏សម្រេចចិត្តលួចឆ្លងដែនត្រឡប់ចូលមកកម្ពុជាវិញ។ ប៉ុន្តែត្រូវបានកម្លាំងឃាត់ខ្លួន ខណ:ពេលកំពុងដើរល្បាតតាមភូមិសាស្ត្រចាក់ច្រែង នៃទិសទី១ ប្រាសាទព្រះវិហារ បន្ទាត់ព្រំដែន កម្ពុជា-ថៃ។
លោកវរសេនីយ៍ទោ ផង អឿន នាយការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨ ក៏បានឲ្យដឹងដែរថា ចំពោះពលករខ្មែរ ដែលលួចឆ្លងដែនពីទឹកដីថៃ ចូលមកកម្ពុជាវិញនោះ ទី១ឈ្មោះ ចយ អាន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិមន្ទិល ឃុំ យាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
២ឈ្មោះ ទ្បុង ប៉ាន់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិរវៀង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
បច្ចុប្បន្នពលករខ្មែរទាំងពីរនាក់ ត្រូវបានមន្ត្រីសុខាភិបាលដឹកបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយពីសាកសួរព័ត៌មានចប់៕

មតិយោបល់