ព័ត៌មានជាតិ

រថយន្តដឹកដែកចូលឃ្លាំង យីហោ​ សេង​ សុជាតិ ខុសបច្ចេកទេស ធ្លាក់ដែកសង្កត់បុរសម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី​១៨​ ខែ​មិនា​ ឆ្នាំ​ ២០១៩​ មានករណីកម្មករលីសែងដែក​ បានរងរបួសធ្ងន់ ខណ:កំពុងរៀបស្ទូចដែកចូលឃ្លាំង ស្រាប់តែដាច់ខ្សែដែកធ្លាក់សង្កត់​ ស្ថិតតាមបណ្តោយផ្លូវចម្ការដូង​ មុខឃ្លាំងដែកយីហោ​ សេង​ សុជាតិ​ ភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

តាមសាក្សីពីកន្លែងកើតហេតុ បានដឹងថា មុខពេលកើតហេតុ គេឃើញរថយន្តកូរ៉េធុនធំមួយគ្រឿង មានដងស្ទូច ដឹកដែកពេញរថយន្ត បើកតាមបណ្តោយផ្លូវចម្ការដូង មកឈប់នៅមុខឃ្លាំងលក់គ្រឿងសំណង់យីហោ​ សេង​ សុជាតិ​ បំណងទម្លាក់ដែកចូលទៅឃ្លាំង​ ពេលនោះកម្មករ៤ទៅ៥នាក់ បានស្រាយខ្សែចេញ ដើម្បីស្ទូចយកដែក​ ប៉ុន្តែទំនងជាខុសបច្ចេកទេស ស្រាប់តែដែកមួយបាច់ធំបានរមិលធ្លាក់សង្កត់ទៅយុវជនម្នាក់ ដែលនៅចំហៀងរថយន្ត បណ្តាលឲ្យបែកក្បាលសន្លប់ឈឹង​ ត្រូវបានក្រុមកម្មករនាំគ្នា ជួយលើក និងដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ​។

ក្រោយកើតហេតុម្ចាស់ឃ្លាំង បានព្យាយាមបិទបាំងព័ត៌មាន មិនសហការជាមួយសមត្ថកិច្ចឡើយ​ ដោយបង្ខំឲ្យតៃកុងរថយន្ត បើករថយន្តដឹកដែកចេញពីមុខឃ្លាំងខ្លួន​ ព្រោះខ្លាចជាប់ពាក់ព័ន្ធនឹងករណីធ្លាក់ដែក បណ្តាលឲ្យមានមនុស្សរងរបួស​។

យ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច បានតាមចាប់ឃាត់តៃកុង និងរថយន្តដឹកដែកទុក​ ដើម្បីរង់ចាំដោះស្រាយ ជាមួយនឹងយុវជនដែលរងរបួសផងដែរ៕

មតិយោបល់