គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានប្រកាសរៀបចំពានរង្វាន់ថ្មីមួយ ដែលមានឈ្មោះ CNCC League Cup 2021 ដោយមានបេក្ខភាពចូលរួមប្រកួតប្រជែងចំនួន ៨ក្លិប និងប្រើរយៈពេលប្រកួតជិត ១ខែដោយនឹងចាប់ផ្ដើមនាថ្ងៃទី៥ ខែមិថុនាចុងសប្ដាហ៍នេះ។

បេក្ខភាពក្លិបចូលរួមប្រកួតពានរង្វាន់ថ្មីនេះ រួមមានក្លិបព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, បឹងកេត, វិសាខា, កងយោធពលខេមរភូមិន្ទ, ខេត្តព្រៃវែង, ISI ដង្កោសែនជ័យ និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ សម្រាប់គោលបំណងនៃការបង្កើតពាន CNCC League Cup 2021 នេះធ្វើឡើងអំឡុងក្រុមជម្រើសជាតិកម្ពុជាចេញទៅប្រកួតក្រៅប្រទេស ស្របពេលការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ត្រូវសម្រាកដើម្បីឲ្យក្លិបមួយចំនួនៗ មានឱកាសផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងសមត្ថភាពបន្ថែមត្រៀមការត្រឡប់មកវិញនៃការប្រកួតផ្លូវការ។

ចំពោះកាលបរិច្ឆេទប្រកួតគឺគ្រោងប្រកួតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២៧ ខែមិថុនាខាងមុខ ដោយក្រុមចូលរួមទាំងអស់ត្រូវបែងចែកជា ២ពូល និងប្រើរូបមន្ដប្រកួត Home/Away ដោយប្រកួតតែ ១ជើងប៉ុណ្ណោះដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ រីឯពិធីចាប់ឆ្នោតបែងចែកពូល និងកម្មវិធីប្រកួត គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជានឹងរៀបចំថ្ងៃនេះ៕




មតិយោបល់