ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានសារព័ត៌មានមួយបានផ្សព្វផ្សាយពីសកម្មភាពរបស់ក្រុមការងារដែលមាន អាជ្ញាធរ សមត្ថកិច្ចនិងគ្រូពេទ្យ កំពុងមមាញឹកក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ នៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ស្រាប់តែមានម្ចាស់ហ្វេសបុកមួយដែលមានឈ្មោះឈុន សុខហេង បានខមិននូវពា្យមិនគប្បី ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះ អាជ្ញាធរ សមត្ថកិច្ចនិងគ្រូពេទ្យ ដែលកំពុងមមាញឹកទាំងយប់ទាំងថ្ងៃ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅភូមិសាស្ត្រនៃក្រុងប៉ោះយប៉ែត ។

លោកវរសេនីយ៍ទោ តាន់ វីរៈ នាយរងការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា៖ ក្រោយពីមានពាក្យខមិនរបស់ម្ចាស់ហ្វេសបុកមួយដែលមានឈ្មោះឈុន សុខហេង នៅថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២១ ដែលមានខ្លឹមសារថា៖ “យកតាម កាស៊ីណូអនឡាយច្រើនណាស់ និងកាស៊ីណូធំៗនៅប៉ោយប៉ែត អត់មានអ្នកចុះឆែកសោះ។ ពត៌មានប្អូនធ្វើការនៅកាស៊ីណូអនឡាយ ថាអ្នកកើតដាក់មួយដុំ អ្នកមិនកើតមួយដុំ ម្យ៉ាងវិញទៀត បុកលុយបិទពត៌មាន ហើយមានពួកពេទ្យស៊ីលុយខាងក្រៅ ទៅព្យាបាលទៀត។

ស្រុកខ្ញុំហើយ ថ្ងៃណា ថ្ងៃណាបាន ពួកអាពុករលួយអស់ណឹង ងាប់អស់ ” ។ ដែលខ្លឹមសារទាំងនេះបានបរិហារកេរ្តិ៍និងធ្វ់ឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារនោះ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យមន្ត្រីនគរបាលការិយាល័យជំនាញ ប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៏ស្នងការរងផែនការងារសន្តិសុខផ្ទៃក្នុង ក៏ដូចជាការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៌ឯក គង់ វិនឌី ស្នងការរងទទួលបន្ទុកការិយាល័យជំនាញប្រឆាំងបទល្មើស បច្ចេកវិទ្យា ។ ធ្វើការស្រាវជ្រាវនិងឈានដល់រកឃើញម្ចាស់ហ្វេសបុក ដែលមានឈ្មោះ ឈុន សុខហេង ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២១ ហើយបាននាំខ្លួនម្ចាស់ហ្វេសបុកនោះមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមកធ្វើការបំភ្លឺ ទាក់ទិននឹងការសរសេរខ្លឹមសារនោះ ។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា៖ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ និង បញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ឲ្យជនឈ្មោះឈុន សុខហេង ធ្វើការសុំទោសដល់ក្រុមការងារ ជាសាធារណៈ និងធ្វើកិច្ចសន្យា អប់រំក្នុងករណីលើកទី០១ ប៉ុន្តែប្រសិនជាមានជាលើកទី០២ ត្រូវអនុវត្តតាមវិធានការច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ










មតិយោបល់