ព័ត៌មានជាតិ

គន្លឹះ ៦យ៉ាង ដើម្បីសុខភាពផ្លូវចិត្តល្អ!

លោកអ្នកប្រហែលជាបានដឹងច្រើនហើយអំពីវិធីសាស្ត្រក្នុងការថែទាំសុខភាព តាមរយៈអត្ថបទ និងវីដេអូអប់រំសុខភាពរបស់មន្ទីរពេទ្យកាល់ម៉ែត។ ពេលនេះ យើងខ្ញុំសូមលើកយកមកចែកជូនលោកអ្នកនូវគន្លឹះល្អៗចំនួន ៦យ៉ាង ដែលលោកអ្នកអាចយកទៅអនុវត្តដើម្បីទទួលបាននូវសុខភាពផ្លូវចិត្តល្អ។
១) យកចិត្តទុកដាក់ចំពោះរបបអាហារ
ពិតណាស់ របបអាហារក៏ជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តផងដែរ។ ការបរិភោគអាហារទៀងពេល សមស្រប និងសម្បូរបែបក៏ជួយឲ្យសុខភាពផ្លូវចិត្តមានភាពល្អប្រសើរដែរ។ ម្យ៉ាងទៀត សូមចៀសវាងសារធាតុញៀន ជាតិស្រវឹង ឬភេសជ្ជៈប៉ូវកម្លាំងមួយចំនួនដែលអាចភ្ញោចឲ្យខួរក្បាលយើងដំណើរការមិនល្អ ងាយមានជំងឺផ្លូវចិត្ត។
២) ធ្វើសកម្មភាពរាងកាយឲ្យច្រើន
ការធ្វើសកម្មភាពរាងកាយឲ្យច្រើនដូចជាការដើរ ឬហាត់ប្រាណជាដើមជួយឲ្យបន្ថយភាពតានតឹងចិត្ត បញ្ចេញជាតិពុល ហើយជួយឲ្យយើងមានអារម្មណ៍ល្អ។
៣) ដើរហាត់ប្រាណជាមួយគ្រួសារ ឬមិត្តភក្តិ
ការដើរហាត់ប្រាណជាមួយគ្រួសារ ឬមិត្តភក្តិ ក្រៅពីជួយដល់ការកាត់បន្ថយភាពតានតឹងចិត្ត និងបញ្ចេញជាតិពុលហើយ ហើយក៏បង្កើនភាពស្និទ្ធស្នាល ហើយជួយឲ្យកាន់តែមានអារម្មណ៍កក់ក្ដៅ។
៤) សម្រាន្តឲ្យបានគ្រប់គ្រាន់
ទាំងកាយ ទាំងចិត្តយើងសុទ្ធតែត្រូវការការសម្រាក។ យកល្អ យើងគួរគេងឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យខួរក្បាលយើងមានភាពស្រស់ស្រាយ និងអាចបន្តដំណើរការយ៉ាងល្អនៅថ្ងៃស្អែក។
៥) ចែករំលែកពីអារម្មណ៍ខ្លួនឯងជាមួយមនុស្សជាទីទុកចិត្ត
ការចែករំលែកពីអារម្មណ៍ខ្លួនឯង អាចរាប់ថាជាតម្រូវការមូលដ្ឋានសម្រាប់សុខភាពផ្លូវចិត្ត។ សូមស្វែងរកមនុស្សជាទីទុកចិត្ត ហើយរៀនពីរបៀបចែករំលែកអារម្មណ៍ខ្លួនឯង ដែលមានលក្ខណៈសាមញ្ញៗ ទាំងអារម្មណ៍ល្អ និងអារម្មណ៍មិនល្អ នោះដល់ពេលមានរឿងធំ យើងក៏អាចចែករំលែកបានដូចគ្នា។
៦) ពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត
ប្រាកដណាស់ លោកអ្នកក៏អាចជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្តដើម្បីទទួលបានការវាយតម្លៃ ព្យាបាល និងដំបូន្មានល្អៗទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្ត ក្នុងករណីចាំបាច់។
“ប្រសិនបើលោកអ្នកចង់ទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព និងដំបូន្មានល្អៗសម្រាប់បញ្ហាសុខភាពផ្លូវចិត្ត សូមអញ្ជើញមកជួបផ្ទាល់ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។”
“ លោកអ្នកក៏អាចថែទាំសុខភាពផ្លូវចិត្តខ្លួនឯងបានដែរ! ”
ប្រភព: មន្ទីរពេទ្យកាល់ម៉ែត

មតិយោបល់