កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ មានករណីនារីចំនួន០៣នាក់ បានស្លាប់ក្នុងថ្ងៃតែមួយសង្ស័យករណីពុលស្រាស ក្រោយពីបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផ្សេងៗគ្នា តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះទាំង០៣នាក់បានជុំគ្នាផឹកស្រាស នៅចំណុចផ្ទះ របស់ជនរងគ្រោះទី១. ឈ្មោះហេង សុខគា ភេទស្រី អាយុ៥៤ឆ្នាំ ស្លាប់នៅមន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់នៅវេលាម៉ោង ០១និង៥១នាទីថ្ងៃ។ ២- ឈ្មោះប៉ុល កាន ភេទស្រី អាយុ៣៩ឆ្នាំ ស្លាប់នៅមន្ទីពេទ្យស្រុកក្រគរ នៅវេលាម៉ោង ១១និង១០នាទីថ្ងៃ។ ៣-ឈ្មោះហ៊ុល សុខជា ភេទស្រី អាយុ៣៧ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ០៣និង៣០នាទីថ្ងៃ។(ជនរងគ្រោះទាំង០៣នាក់រស់នៅភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។)
លោកឧត្តសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីមន្ត្រីនគរបាលបច្ចេកទេសខេត្ត សហការជាមួយមន្ត្រីជំនាញបច្ចេកទេសស្រុកនិងគ្រូពេទ្យជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យ បានសន្និដ្ឋានថាជនរងគ្រោះទាំង០៣នាក់អាចស្លាប់បណ្តាលមកពីហូបប៉ះនឹងអាហារដែលមានសារធាតុពុល។ ចំពោះសពជនរងគ្រោះទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់