គួររម្លឹកបន្តិចថាមកទល់ពេលនេះ និងក្រៅពីមេរោគកូវីដ១៩ ដែលជាមេរោគដើម អង្គការសុខភាពពិភពលោកបានបញ្ជាក់ពីវត្តមានមេរោគកូវីដ១៩បំប្លែងខ្លួនចំនួន ៤ប្រភេទ គឺមេរោគបំប្លែងខ្លួនអង់គ្លេស ប្រេស៊ីល អាហ្រ្វិកខាងត្បូង និងឥណ្ឌា។ តែចាប់ពីពេលនេះតទៅ មេរោគបំប្លែងខ្លួនទាំង ៤ប្រភេទនេះត្រូវបាន WHO ដាក់ឈ្មោះផ្សេងៗគ្នា។ ការដាក់ឈ្មោះនេះគឺដើម្បីចៀសវាងការដៀលត្មះ និងការរើសអើងទៅលើប្រទេសដែលមេរោគបំប្លែងខ្លួននោះបានចាប់កំណើត។ « អាល់ហ្វា » សម្រាប់មេរោគបំប្លែងខ្លួនអង់គ្លេស « បេតា » សម្រាប់មេរោគបំប្លែងខ្លួនអាហ្រ្វិកខាងត្បូង « ហ្កាម៉ា » សម្រាប់មេរោគបំប្លែងខ្លួនប្រេស៊ីល និង« ដែលតា » សម្រាប់មេរោគបំប្លែងខ្លួនឥណ្ឌាដែលមានអត្តសញ្ញាណ B.១.៦១៧.២។
តាមពិត មេរោគបំប្លែងខ្លួនឥណ្ឌាដែលមានអត្តសញ្ញាណដើម B.១.៦១៧ ត្រូវបានចែកចេញជា ៣អត្តសញ្ញាណទៀត គឺ B.១.៦១៧.១ ឬហៅ « កាប៉ា » B.១.៦១៧.២ ឬហៅ « ដែលតា » និង B.១.៦១៧.៣។ ការមិនឲ្យឈ្មោះសម្រាប់ B.១.៦១៧.៣ ក៏មកពី WHO សង្កេតឃើញថា មេរោគបំប្លែងខ្លួនមួយនេះឈប់ឆ្លង និងលែងបង្កគ្រោះថ្នាក់ទៀតឡើយ។ ក្នុងខែមេសាកន្លងទៅ WHO បានចាត់ទុកមេរោគបំប្លែងខ្លួនទាំងអស់ជាមេរោគគ្រោះថ្នាក់ជាងមេរោគដើម គឺអត្រាឆ្លងខ្ពស់ រហ័ស និងស្លាប់លឿន។ តែឥឡូវនេះ មានតែមេរោគបំប្លែងខ្លួនឥណ្ឌា ឬហៅ « ដែលតា » ដែល WHO កំពុងបារម្ភខ្លាំងជាងមេរោគបំប្លែងខ្លួនផ្សេង។
នេះក៏ដោយសារ « ដែលតា » ដែលជាមេរោគបំប្លែងខ្លួនទ្វេដងបាន និងកំពុងបន្តឆ្លងខ្លាំង និងសម្លាប់ពលរដ្ឋឥណ្ឌាយ៉ាងច្រើន។ WHO បារម្ភខ្លាំង ព្រោះ « ដែលតា » ហាក់កំពុងបន្តឆ្លងរាលដាលចូលប្រទេសកាន់តែច្រើនឡើងៗ ដែលគិតត្រឹមថ្ងៃពុធ ទី២ មិថុនាមានជាង ៥០ ប្រទេស និងតំបន់។ អង់គ្លេសដែលទើបបានធូរស្រាលខ្លាំង និងកំពុងត្រៀមបើកប្រទេសទាំងស្រុងនៅថ្ងៃទី២១ មិថុនាខាងមុខកំពុងប្រឈមនឹងកំណើនករណីឆ្លងដោយមេរោគបំប្លែងខ្លួន « ដែលតា »។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ អង់គ្លេសបានរកឃើញករណីឆ្លងថ្មីបន្ថែមជាង ៣ ០០០ករណី។ អ្នកវិទ្យាសាស្រ្តខ្លះហ៊ានទាំងព្រមានពីរលកឆ្លងទី៣ ជាយថាហេតុនៅអង់គ្លេស។ គួររម្លឹកថានៅអង់គ្លេស មានមនុស្សធំជិត ៧៥% បានចាក់វ៉ាក់សាំងដូសទី១ ក្នុងនោះ មានជិត ៥០% បានចាក់ដូសទី២។
មតិយោបល់