ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ៖ ប្រឡាយ បឹងហា ដែលមានប្រវែងជាង២គីឡូម៉ែត្រ ស្ថិតក្នុង ខណ្ឌដង្កោ បានស្តាររួចរាល់១០០ភាគរយហើយ ដើម្បីរំដោះ ជំនន់ទឹកភ្លៀង

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ការស្ដារប្រឡាយ បឹងហា ដែលមានប្រវែងជាង២គីឡូម៉ែត្រ ចាប់ពីស្ពានថ្ម ផ្លូវព្រៃស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតដល់ស្ថានីយបូមទឹកលូប្រាំ ក្នុងពេលនេះ រដ្ឋបាលរាជ ធានីភ្នំពេញបានធ្វើសកម្មភាពស្តាររួចរាល់១០០ភាគរយហើយ ដើម្បីរំដោះ ជំនន់ទឹកភ្លៀង នៅរដូវវស្សានេះ ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បាន មានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះថា ក្រោមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននិងកំពុង រីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើសកម្ម ភាពស្តារ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានរាជធានី។ លោកបានបន្ដថា ជាក់ស្តែង នៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញបានស្ដារប្រឡាយបឹងហា បានរួចរាល់១០០ភាគរយ ហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។

លោកបានបន្ដទៀតថា ប្រឡាយបឹងហា ត្រូវបានក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញធ្វើការស្តារ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដោយប្រើប្រាស់រយៈពេលជាង២ខែ ហើយគិតមកដល់ថ្ងៃទី០៣ ខែ មិថុនានេះ ដែលការដ្ឋានទាំងមូលបានបញ្ចប់រួចរាល់១០០ភាគរយហើយ។

សូមបញ្ជាក់ថា ប្រឡាយបឹងហានេះ គឺមានប្រវែង ២ ៥៨០ ម៉ែត្រ ទទឹង ២៥ម៉ែត្រ ទៅ៣០ម៉ែត្រ ដោយចាប់ពីស្ពានថ្ម ផ្លូវព្រៃស ដល់ស្ថានីយបូម ទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមលោក ម៉ៅ ប៊ុនធឿន ប្រឡាយបឹងហានេះ គឺពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ មានជ័យ ៕

 

 

ប្រភព៖​​​​​​ AKP

មតិយោបល់