ភ្នំពេញៈ ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា មិត្តហ្វូន «MetFone» បាននាំមកនូវបច្ចេកវិជ្ជាទំនើបបញ្ជ្រៀបចូលក្នុងកម្មវិធីសិក្សានៅកម្ពុជា ដោយបានធ្វើការតភ្ជាប់សេវាកម្មអ៊ិនធើណិតទៅកាន់គ្រឹះស្ថានអប់រំរបស់រដ្ឋទាំងអស់នៅទូទាំងប្រទេស ដែលមានសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំសរុបជិត១លាននាក់ ដែល ទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។
នៅក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ជាមួយក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមខែកក្ដដា ឆ្នាំ២០១៦ ស្តីពីកម្មវិធីផ្តល់អ៊ិនធើណិត តាមសាលារៀន នៅទូទាំងប្រទេស ក្រោមគម្រោង៥ឆ្នាំ ក្រុមហ៊ុន MetFone នឹងផ្តល់ការតភ្ជាប់អ៊ិនធើណិត ដោយមិនគិតថ្លៃទៅកាន់សាលារៀនរបស់រដ្ឋ មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀន សាកលវិទ្យាល័យ ការិយាល័យអប់រំ យុវជន និងកីឡា និងការិយាល័យនៅក្រសួងអប់រំ ហើយកម្មវិធីនេះ ចាប់ផ្តើមក្នុងខែកក្តដាឆ្នាំនេះតទៅ។
ការចូលរួមសកម្មភាពផ្នែកអភិវឌ្ឍន៍សង្គមរបស់ក្រុមហ៊ុន Metfone គឺដើម្បីបង្កើនសមត្ថភាពទៅដល់ក្មេងៗ ជំនាន់ក្រោយ ហើយវាជាការចាប់ផ្តើមនៃការប្រើប្រាស់ចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា ដើម្បីត្រួសត្រាយផ្លូវទៅរកវឌ្ឍនភាពនៅពេលអនាគតរបស់ប្រទេសកម្ពុជា។
លោក Nguyen Thanh Nhuong អគ្គនាយកក្រុមហ៊ុន Metfone ឲ្យដឹងថា កម្មវិធីនេះ គឺមានសារៈសំខាន់ណាស់សម្រាប់វិស័យអប់រំ ដោយឃើញពីសារប្រយោជន៍ពីការតភ្ជាប់អ៊ិនធើណិត នៅក្នុងវិស័យអប់រំ ក្រុមហ៊ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ ដើម្បីផ្តល់សេវាអ៊ិនធើណិត ទៅកាន់គ្រឹះស្ថានអប់រំទាំងអស់នៅទូទាំងប្រទេស។ លោក Thanh Nhuong បញ្ជាក់ថា «យើងលើកទឹកចិត្តក្នុងការប្រើប្រាស់សេវាកម្ម MetFone មិនថា តែប្រព័ន្ធអ៊ិនធើណិតទេ ប៉ុន្តែក្នុងសេវាផ្សេងៗទៀតរបស់ MetFone»។
លោក Thanh Nhuong បន្តទៀតថា ភាពជាដៃគូនឹងបន្តរហូតដល់ឆ្នាំ២០២០ កម្ពុជា និងវៀតណាម បានចាត់ទុកវិស័យអប់រំជាស្នូលក្នុងការអភិវឌ្ឍប្រទេស ដូច្នេះក្នុងពេលអនាគត បើសិនជាមានបច្ចេកវិទ្យាថ្មីទំនើប លោកនឹងនាំយកមកប្រទេសកម្ពុជា។
ជាការឆ្លើយតប លោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ ឲ្យដឹងថា កម្មវិធីអ៊ិនធើណិត តាមសាលារៀន និងជួយដល់ក្រសួងអប់រំ ក្នុងការផ្តល់ធនធានអប់រំ តាមរយៈអនឡាញ និងកម្មវិធីសិក្សាមួយចំនួន តាមអ៊ិនធើណិត។ លោករដ្ឋមន្ត្រីថ្លែងថា «យើងសង្ឃឹមថា នេះជាការសហការឈ្នះៗរវាងក្រសួងអប់រំ និងក្រុមហ៊ុន MetFone ហើយក៏ជាផ្នែកមួយនៃទំនួលខុសត្រូវក្នុងសង្គមរបស់ក្រុមហ៊ុន MetFone ផងដែរ។ បើយោងតាមក្រុមហ៊ុន Metfone ក្រុមហ៊ុននេះ កាត់យកចំណែកទីផ្សារប្រមាណជា៥០% ជាមួយអតិថិជនប្រើប្រាស់ជាង១០លាននាក់ នៅទូទាំងប្រទេស»។
លោករដ្ឋមន្ត្រី បានបន្ថែមថា សិស្សកម្ពុជា នឹងមានជម្រើសដ៏ល្អបំផុត និងមានការបត់បែនក្នុងការរៀនសូត្រ ហើយក៏មិនមានការកម្រិតទៅលើកម្មវិធីសិក្សា ដែលផ្តល់ជូននៅតាមសាលាទៀតទេ ហើយអាចទទួលបានកម្មវិធី ឬវគ្គសិក្សា ដែលពួកគេត្រូវការ។ លោកថា «តាមរយៈកិច្ចសហប្រត្តិការនេះ ក្រសួងអាចអនុវត្តគោលនយោបាយនានារបស់ក្រសួងឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីភ្ជាប់ទៅកាន់សាលារៀនទាំងអស់»។
គួរបញ្ជាក់ថា កាលពីថ្ងៃច័ន្ទកន្លងមក ក្រសួងអប់រំ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយគូសបញ្ជាក់ឲ្យដឹងថា គំនិតផ្តួបផ្ដើមថ្មីរបស់ MetFone ត្រូវបានទទួលស្គាល់ជាក្រមហ៊ុនទូរគមនាមន៏ឈានមុខ ដែលបង្ហាញនូវចក្ខុវិស័យដ៏មុតមាំ ក្នុងការវិនិយោគលើវិស័យអប់រំ ដោយបាននាំយកនូវបច្ចេកវិទ្យាទំនើបបំផុតរបស់ពីភពលោកមកកម្ពុជា និងផ្ដល់ឱកាសដ៏មហិមាដល់យុវជនជំនាន់ថ្មី ដែលក្លាយជាអ្នកដឹងនាំកម្ពុជា នាពេលអនាគតសម្រេចបាននូវសក្តានុពលរបស់ខ្លួន៕
មតិយោបល់