(បន្ទាយមានជ័យ) នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានអញ្ជើញត្រួតពិនិត្យ ក្រុមគ្រូពេទ្យជួរមុខ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលកំពុងបន្តចុះយកសំណាកប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសហការជាមួយ ក្រុមគ្រូពេទ្យ កងរាជអាវុធហត្ថ និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។
ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យ បានចុះប្រតិបត្តិការនៅទីនេះមានរយៈពេល ជាង១ខែ មកហើយ។
កងកម្លាំងក្រុមគ្រូពេទ្យ បានបំពេញប្រតិបត្តិការនេះ យ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ដែលអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំកងទ័ពតាមឋានានុក្រម និងឣាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងឈានទៅកាត់ផ្តាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាហានិភ័យធ្វើឣោយប៉ះពាល់លើគ្រប់វិស័យ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះផ្ទាល់។
លោកមេបញ្ជាការក៏បានឲ្យដឹងដែរថាដើម្បីបង្កើនល្បឿននៃការយកសំណាក កម្លាំងក្រុមគ្រូពេទ្យនៃតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ត្រូវបានបំបែកជា ២ក្រុម ដែល១ក្រុម ចូលយកនៅ តំបន់ឧស្សាហកម្ម(អូរនាង) និងមួយក្រុមទៀត ចូលយកនៅទីតាំងហ្គោលឌិនស្ទូចត្រី ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
មតិយោបល់