ភ្នំពេញៈ ក្រោយពីបើកសវនាការអស់ជាច្រើនលើករួចមកនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះលោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទជាជនជាតិចិន៦នាក់ ដាក់ពន្ធនាគាររយៈពេល១៥ឆ្នាំទៅ២៥ឆ្នាំ និងបានសម្រេចលើកលែងបទចោទប្រកាន់លើជនជាប់ចោទជាជនជាតិចិតម្នាក់។
សេចក្តីសម្រេចរបស់សាលក្រមនោះបានផ្តន្ទាទោសជនជាប់ចោទដូចខាងក្រោម ៖
១.ដាក់ពន្ធនាគារឈ្មោះ ជូ ពីឡុង ភេទប្រុស អាយុ ៤៧ឆ្នាំ (រត់គេចខ្លួន) កំណត់រយៈពេល២៥ឆ្នាំ និងចេញដីកាតាមចាប់ខ្លួនជនជាប់ចោទ មកទទួលទោសនៅក្នុងពន្ធនាគារតាមច្បាប់ ក្រោមបទចោទប្រកាន់ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោស បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ២៥៣ និងមាត្រា២៥៤នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅអំឡុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅក្នុងបន្ទប់លេខ៤២ ផ្លូវ១៧៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយប្រព្រឹត្តលើជនរងគ្រោះឈ្មោះ ហ្គោ លីងយន់ និងឈ្មោះ ចាង យន់ ជាជនជាតិចិនដូចគ្នា។
២.ដាក់ពន្ធនាគារឈ្មោះ ដាយ សៀវហ្វី ភេទប្រុស អាយុ៣៥ឆ្នាំ ឈ្មោះ ស៊ី អូថុង ភេទប្រុស អាយុ៤៦ឆ្នាំ ឈ្មោះ លី ស៊ីហូរ ភេទប្រុស អាយុ ៥៩ឆ្នាំ ឈ្មោះ ស៊ី ឈឹង ភេទប្រុស អាយុ ៤១ឆ្នាំ ឈ្មោះ វ៉ាង ជី ភេទប្រុស អាយុ ៣៥ឆ្នាំ កំណត់រយៈល ១៥ឆ្នាំ ក្រោមបទចោទប្រកាន់សមគំនិត ក្នុងអំពើចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោស បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិ មាត្រា២៩ មាត្រា២៥៣ និងមាត្រា២៥៤ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅអំឡុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅក្នុងបន្ទប់លេខ៤២ ផ្លូវ១៧៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយប្រព្រឹត្តលើជនរងគ្រោះឈ្មោះ ហ្គោ លីងយន់ និងឈ្មោះ ចាង យន់ ជាជនជាតិចិនដូចគ្នា។
៣.សម្រេចលើកលែងទោស ឈ្មោះ ចាំង ស៊ុងឈឹង ភេទប្រុស អាយុ ៤១ឆ្នាំ និងដោះលែងឱ្យមានសេរីភាពវិញ។
គួររំលឹកថា នៅក្នុងសវនាការកាលពីពេលកន្លងទៅជនជាប់ចោទឈ្មោះ ដាយ សៀវហ្វី បានបដិសេធមិនស្គាល់ឈ្មោះ ជូ ពីឡុង ទេ ហើយក៏អត់ដឹងរឿងបង្ខាំងមនុស្សនោះទេ ដោយខ្លួនគ្រាន់តែជាសន្តិសុខយាមរោងចក្រតម្បាញឈ្មោះ ជីង ខាំ នៅតាមផ្លូវជាតិលេខ២ ក្នុងខេត្តកណ្តាល តែប៉ុណ្ណោះ។
ជនជាប់ចោទឈ្មោះ ស៊ី អូថុង បានឆ្លើយថា ខ្លួនជាសន្តិសុខធ្វើការងារជាមួយឈ្មោះ ដាយ សៀវហ្វី ហើយខ្លួនបានស្គាល់ឈ្មោះ ជូ ពីឡុង ជាអ្នកស្រុកមកពីប្រទេសចិនជាមួយគ្នា។ ជនជាប់ចោទបន្តថា ខ្លួនជាអ្នករកម៉ូយទៅលេងបៀនៅក្នុងកាស៊ីណូនៅភ្នំពេញ ហើយបើអ្នកណាខ្លះគ្មានលុយលេងល្បែងខ្លួនអាចជូនទៅជួបឈ្មោះ ជូ ពីឡុង ដើម្បីខ្ចីលុយលេងទៀតបាន។ ហើយជនរងគ្រោះទាំងពីរនាក់ខាងលើ គឺសុទ្ធតែជាអ្នកជំពាក់លុយឈ្មោះ ជូ ពីឡុងទាំងអស់។
សូមបញ្ជាក់ថា ករណីបង្ខាំងមនុស្សដោយខុសច្បាប់បានកើតឡើងនៅអំឡុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅក្នុងបន្ទប់លេខ៤២ ផ្លូវ១៧៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលមានឈ្មោះ ជូ ពីឡុង ជាមេក្លោង ជាអ្នកឲ្យលុយទៅជនរងគ្រោះខ្ចីយកទៅលេងល្បែងនៅកាស៊ីណូ ហើយគ្មានលុយសងវិញទើបចាប់បង្ខាំងដើម្បីទារលុយមកវិញ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ដោយឃាត់ខ្លួនជនជាប់ចោទ៦នាក់ខាងលើ និងម្នាក់បានរត់គេចខ្លួន៕
https://youtu.be/uf1M_DyUSe4
មតិយោបល់