អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានព្រមានដល់សមត្ថកិច្ច ដែលឃុបឃិតលួចកាប់ទន្ទ្រានដីព្រៃលិចទឹកទាំងអស់ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនដូច្នេះទេត្រូវប្រឈមផ្លូវច្បាប់មិនលើក លែង ។
លោកបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងចាត់វិធានការនៅពេលឆាប់ៗខាងមុខនេះ ហើយក្រសួងនឹងមានបើកកិច្ចប្រជុំនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ពិភាក្សាដាក់វិធានការ ទប់ស្កាត់ការលួចកាប់ទន្ទ្រានព្រៃលិចទឹក ខណៈអាជ្ញាធរខេត្ត ក៏បានស្នើក្រសួង ជួយដាក់បង្គោលដៅចំណុចតំបន់ព្រៃលិចទឹកបន្ថែម ក្នុងភូមិសាស្ត្រស្រុកមួយចំនួន ។
អ្នកនាំពាក្យខាងលើបានឱ្យដឹងថា ព្រៃលិចទឹកនៅក្នុងតំបន់៣ ប្រមាណជាង១០០០ហិកតា នៅចំណុចក្រពើស្គម ស្ថិតក្នុងភូមិព្រែកចាស់ ឃុំព្រែកចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានពួកជនខិលខូចលួចឈូសឆាយ កាប់ទន្ទ្រាន យកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ជាបន្តបន្ទាប់ ។
ក្នុងឱកាសចុះប្រកាសបិទការ នេសាទ នៅចុងសប្ដាហ៍នេះ លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងមានប្រសាសន៍ថា ព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ចាប់ពីឆ្នាំ២០១៨មក បានរងការកាប់បំផ្លាញជាបន្តបន្ទាប់ ហើយសម្រាប់ទីតាំងគួរឲ្យកត់សម្គាល់ខ្លាំងនោះ នៅចំណុចក្រពើស្គម រហូតដល់មានគណៈ ប្រតិភូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត បានចុះទៅពិនិត្យផ្ទាល់ ។
លោកបន្តថា ចំពោះព្រៃលិចទឹក នៅចំណុចនេះ ត្រូវបានកាប់បំផ្លាញអស់ជាង ១០០០ហិកតា ដោយចំនួនជាង ៣០០ហិកតា ត្រូវបានទន្ទ្រានកាលពីឆ្នាំ២០១៨ និងជាង៧០០ហិកតា ត្រូវបានឈូសឆាយទន្ទ្រានយក នៅក្រោយឆ្នាំ២០១៨ ហើយដីទាំងអស់នោះ ពិនិត្យទិដ្ឋភាពនាពេលបច្ចុប្បន្ននេះ មានដីខ្លះត្រូវបានធ្វើស្រែ ខ្លះទៀតនៅទុកចោល ជាមួយនេះក៏មានការជីកប្រឡាយស្រោចស្រព ផ្លូវអាចបើករថយន្តទៅមកបាន រួមនឹងការសាងសង់ខ្ទម ឬរោងស្នាក់នៅជាដើម ។
លោក សៀម ប៊ុនរិទ្ធ បានបន្ថែមថា ការលួចកាប់ទន្ទ្រានដីតំបន់៣នេះ គឺបានរាលដាលដល់ចំណុចគោកខ្ពស់ ស្ថិតក្នុងភូមិព្រែកចាស់ដែរនោះ គឺមានជាង ១៥០ហិកតា ដោយអ្នកកាប់ទន្ទ្រាននោះ ជាពលរដ្ឋមកពីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងមកពីខេត្តសៀមរាប ។
បើតាមលោក កក អ៊ីឡែន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នព្រៃលិចទឹក ត្រូវជនខិលខូចរុករាន ភាគច្រើននៅតំបន់២ និងតំបន់បី ដោយពួកគេបានប្រើល្បិចផ្សេងៗ ដើម្បីរុករានវាត យកដី គឺអ្នកខ្លះបានដុតព្រៃ ហើយបានយកស្រូវទៅព្រួសនៅពេលយប់ដោយបន្លំថាជាដីស្រែចាស់ ខ្លះទៀតបាន ប្រើប្រាស់គ្រឿងចក្ររុករានពីខាងក្នុងទុកព្រៃនៅសងខាង បន្លំភ្នែកមន្រ្តីជំនាញ និងអាជ្ញាធរជាដើម ។
លោកបញ្ជាក់ថា ព្រៃលិចទឹកកំពុងរងការកាប់ទន្ទ្រាននោះមានក្នុងស្រុកចំនួន៤ ដែលមានភូមិសាស្រ្តជាប់បឹងទន្លេសាប ក្នុងនោះស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ដោយព្រៃទាំងអស់នោះ ក្រៅពីត្រូវកាប់ទន្ទ្រាន ក៏ត្រូវភ្លើងឆេះអស់ជាច្រើនហិកតាផងដែរ ។
ក្នុងអនុក្រឹត្យ របស់រាជរដ្ឋាភិបាល នៅឆ្នាំ២០១១ បានកំណត់ដីព្រៃលិចទឹកនៅ៦ខេត្តជុំវិញបឹងទន្លេសាប មានចំនួន ៦៤៧ ៤០៦ហិកតា ដោយឡែកខេត្តបាត់ដំបងមានព្រៃលិចទឹកចំនួន ២០៦ ៩៥៣ហិកតា ខណៈព្រៃលិចទឹកប្រមាណ ២ម៉ឺនហិកតា ត្រូវបានកាប់បំផ្លាញ និងត្រូវភ្លើងព្រៃឆេះ ៕
មតិយោបល់