ប្រទេសអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាស នៅក្នុងតំបន់ហ្គាហ្សានៅព្រឹកថ្ងៃពុធនេះ ជាលើកដំបូងចាប់តាំងពីការបញ្ចប់ការវាយប្រយុទ្ធគ្នា ឆ្លងព្រំដែនរយៈពេល ១១ថ្ងៃកាលពីខែមុន ជាការឆ្លើយតបចំពោះការបង្ហោះបាឡុង ផ្ទុកគ្រឿងផ្ទុះចេញពីដែនដីប៉ាឡេស្ទីន។
ការឡើងកំដៅនេះគឺជាការធ្វើតេស្តលើកដំបូង លើរដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែល ក្រោយការដើរក្បួននៅក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើតកាលពីថ្ងៃអង្គារ ដោយក្រុមអ្នកជាតិនិយមជ្វីហ្វ ដែលនាំឲ្យមានការគំរាមកំហែងដោយក្រុមហាម៉ាស់ ជាក្រុមសកម្មប្រយុទ្ធគ្រប់គ្រងក្នុងដែនដីតំបន់ហ្គាហ្សា។ យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះរបស់ខ្លួនបានវាយប្រហារតំបន់របស់ក្រុមប្រដាប់អាវុធហាម៉ាស់ នៅក្នុងទីក្រុងហ្គាហ្សាភាគខាងត្បូងទីប្រជុំជន Khan Younis និងបានត្រៀមសម្រាប់គ្រប់សេណារីយោទាំងអស់ រួមទាំងការវាយប្រយុទ្ធគ្នាជាថ្មី បន្តកម្ចាត់សកម្មភាពរបស់ក្រុមភេរវករចេញពីបតំបន់ហ្គាហ្សា។
យោធាខាងលើនិយាយថា ការវាយប្រហារតាមអាកាសធ្វើឡើង ជាការឆ្លើយតបទៅនឹងការបាញ់បង្ហោះបាឡុង ដែលអង្គភាពពន្លត់អគ្គិភ័យអ៊ីស្រាអែលបានរាយការណ៍ថា បានបណ្ដាលឲ្យមានភ្លើងឆាបឆេះចំនួន ២០កន្លែងនៅក្នុងជំរំវាលស្រឡះមួយចំនួន ក្នុងសហគមន៍ជិតព្រំដែនតំបន់ហ្គាហ្សា៕
មតិយោបល់