បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ (ស្រី០១នាក់) រួមនឹង ដកហូតបានថ្នាំញៀនជាច្រើនបញ្ចប់ និងឃាត់ខ្លួននៅស្រុកម៉ាឡៃចំនួន០៤នាក់ (ស្រី២នាក់) រួមទាំងវត្ថុតាងមួយចំនួន ដែលកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទីក្រុងប៉ោយប៉ែត ប្រាប់ឲ្យដឹងថា ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយនឹងកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងមានការសម្រុះសម្រួលដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសហការចុះអនុវត្តដីកាលេខ១២អយក/០២១ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ចេញដោយ ឯកឧត្តម កែវ សុជាតិ របស់ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង បញ្ជាឲ្យចូលខ្លួន កម្លាំងបានជនសង្ស័យ៤នាក់នៅផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
កិច្ចប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យទាំង៤នាក់រួមមាន ៖
១-ឈ្មោះ រ៉ុង គឹមហាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត,
២-ឈ្មោះ រ៉ុង គឹមហៀង ភេទប្រុស អាយុ៣៩ឆ្នាំ មុខ របរលក់ដូរ ស្នាក់នៅបណ្ដោះអាសន្នភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត,
៣-ឈ្មោះ សុខ សេដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត,
៤-ឈ្មោះ ឡាន់ ជិដា សៃស៊ូងនឹន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិថៃ រស់នៅក្នុងភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យបញ្ជាក់ថា ក្រោយការឃាត់ខ្លួនអ្នកទាំង០៤នាក់ សមត្ថកិច្ចបានបន្តឆែកឆេរនៅផ្ទះជនសង្ស័យខាងលើរកឃើញវត្ថុតាងសង្ស័យសារធាតុញៀនរួមាន ៖
១/- ម្សៅក្រាមសង្ស័យសារធាតុញៀន ៣៣កញ្ចប់ធំ ស្មើទម្ងន់ ៣២,៩៥៩.៥១ ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ,
២/-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន៥កូនថង់តូច ស្មើនឹង៣១៣.៣៨ក្រាម (ថ្លឹង ទាំងសំបកថង់),
៣/-ថ្នាំគ្រាប់(អ៊ិចស្តាស៊ី) ចំនួន១១០ ស្មើទម្ងន់ ៣៩.២០ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ), ថ្នាំគ្រាប់ (WY) ចំនួន៣៨៣គ្រាប់ ស្មើ ទម្ងន់៣៤.៤៧ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង រួមនឹងសម្ភារៈកែច្នៃប្រើប្រាស់គ្រឿងញៀនមួយចំនួន, រថយន្ត ហាយឡែនឌឺ ពណ៌ស្ករ ពាក់ស្លាក់លេខ បន្ទាយមានជ័យ 2C 3186, ម៉ូតូកង់៤មួយគ្រឿង ពណ៌ខ្មៅ លាយក្រហម,កាំភ្លើងខ្លី១ដើម ម៉ាកសាយអឺ P365 មានបង់២ មានគ្រាប់ចំនួន១១គ្រាប់ និងម៉ាស៊ីន រាប់លុយ១គ្រឿង ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា ៖ ក្រោយពីធ្វើការសួរនាំជនសង្ស័យទាំង០៤នាក់ ដែលបង្ក្រាបនៅក្រុងប៉ោយប៉ែត នៅថ្ងៃដដែលកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានបន្តឃាត់ខ្លួនជនសង្ស័យមានចំនួន៤នាក់បន្ថែមទៀត ពាក់ព័ន្ធជួញដូរគ្រឿងញៀន នៅចំនុចដីឡូត៍ភូមិទួលពង្រ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ នៅផ្ទះសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដបានគេចខ្លួន។
ជនសង្ស័យទាំង៤នាក់រួមមាន ៖
១-ឈ្មោះ ឡុង សារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ
២-ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ សំណង់,
៣-ឈ្មោះ សេង ស្រីនិច អាយុ ២៣ឆ្នាំ មុខរបរ ធ្វើការកាស៊ីណូ ,
៤-ឈ្មោះ ហែម វណ្ណលី អាយុ ៥៥ឆ្នាំ មុខរបរ កសិករ ។

ក្នុងប្រតិបត្តិការ នោះកម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាងរួមាន ៖ ម្សៅក្រាមសថ្លាចំនួន១កញ្ចប់ និង ១កូនថង់តូច ស្មើទម្ងន់ ១,០១០.៩៩ក្រាម (ថ្លឹងទាំងសំបក) ,កាំភ្លើងម៉ាកឡុកចំនួន ១ដើម មានគ្រាប់ ១៦គ្រាប់ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន ៦៣គ្រាប់ ក្នុងនោះពណ៍ក្រហម ៥៥គ្រាប់ ពណ៌ខៀវ ៨គ្រាប់, ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន ៥ប្រអប់ មាន១២៥ដប និងថង់សម្រាប់ច្រកថ្នាំញៀន១ចំនួន រួមនឹងទូរសព្ទដៃចំនួន៣គ្រឿង, រថយន្តម៉ាកតូយូតាព្រួស ០១គ្រឿង ពណ៌ស គ្មានស្លាកលេខ។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ















មតិយោបល់