បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ (ស្រី០១នាក់) រួមនឹងដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់ និងឃាត់ខ្លួននៅស្រុកម៉ាឡៃចំនួន០៤នាក់ (ស្រី២នាក់) រួមទាំងវត្ថុតាងមួយចំនួន ដែលកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទីក្រុងប៉ោយប៉ែត ប្រាប់ឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយនឹងកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងមានការសម្រុះសម្រួលដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសហការចុះអនុវត្តដីកាលេខ១២អយក/០២១ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ចេញដោយ ឯកឧត្តម កែវ សុជាតិ របស់ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង បញ្ជាឲ្យចូលខ្លួន កម្លាំងបានឃាត់ជនសង្ស័យ៤នាក់នៅផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
កិច្ចប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់រួមមាន៖ ១-ឈ្មោះ រ៉ុង គឹមហាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត, ២-ឈ្មោះ រ៉ុង គឹមហៀង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបណ្ដោះអាសន្នភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត, ៣-ឈ្មោះ សុខ សេដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត, ៤-ឈ្មោះ ឡាន់ ជិដា សៃស៊ូងនឹន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិថៃ រស់នៅក្នុងភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យបញ្ជាក់ថា ក្រោយការឃាត់ខ្លួនអ្នកទាំង០៤នាក់ សមត្ថកិច្ចបានបន្តឆែកឆេរនៅផ្ទះជនសង្ស័យខាងលើ រកឃើញវត្ថុតាងសង្ស័យសារធាតុញៀនរួមាន ៖ ១- ម្សៅក្រាមសង្ស័យសារធាតុញៀន ៣៣កញ្ចប់ធំ ស្មើទម្ងន់ ៣២,៩៥៩.៥១ ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ,២-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន៥កូនថង់តូច ស្មើនឹង៣១៣.៣៨ក្រាម (ថ្លឹង ទាំងសំបកថង់), ៣-ថ្នាំគ្រាប់(អ៊ិចស្តាស៊ី) ចំនួន១១០ ស្មើទម្ងន់ ៣៩.២០ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ), ថ្នាំគ្រាប់ (WY) ចំនួន៣៨៣គ្រាប់ ស្មើ ទម្ងន់៣៤.៤៧ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង រួមនឹងសម្ភារៈកែច្នៃប្រើប្រាស់គ្រឿងញៀនមួយចំនួន, រថយន្ត ហាយឡែនឌឺ ពណ៌ស្ករ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C 3186, ម៉ូតូកង់៤មួយគ្រឿង ពណ៌ខ្មៅ លាយក្រហម,កាំភ្លើងខ្លី១ដើម ម៉ាកសាយអឺ P365 មានបង់២ មានគ្រាប់ចំនួន១១គ្រាប់ និងម៉ាស៊ីន រាប់លុយ១គ្រឿង ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា ក្រោយពីធ្វើការសួរនាំជនសង្ស័យទាំង០៤នាក់ ដែលបង្ក្រាបនៅក្រុងប៉ោយប៉ែត នៅថ្ងៃដដែលកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានបន្តឃាត់ខ្លួនជនសង្ស័យមានចំនួន៤នាក់បន្ថែមទៀត ពាក់ព័ន្ធជួញដូរគ្រឿងញៀន នៅចំណុចដីឡូត៍ភូមិទួលពង្រ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ នៅផ្ទះជនសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដបានគេចខ្លួន។
ជនសង្ស័យទាំង៤នាក់រួមមាន ៖ ១-ឈ្មោះ ឡុង សារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ២-ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ សំណង់, ៣-ឈ្មោះ សេង ស្រីនិច អាយុ ២៣ឆ្នាំ មុខរបរ ធ្វើការកាស៊ីណូ , ៤-ឈ្មោះ ហែម វណ្ណលី អាយុ ៥៥ឆ្នាំ មុខរបរ កសិករ ។
ក្នុងប្រតិបត្តិការ នោះកម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាងរួមាន៖ ម្សៅក្រាមសថ្លាចំនួន១កញ្ចប់ និង ១កូនថង់តូច ស្មើទម្ងន់ ១,០១០.៩៩ក្រាម (ថ្លឹងទាំងសម្បក) ,កាំភ្លើងម៉ាកឡុកចំនួន ១ដើម មានគ្រាប់ ១៦គ្រាប់ ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន ៦៣គ្រាប់ ក្នុងនោះពណ៌ក្រហម ៥៥គ្រាប់ ពណ៌ខៀវ ៨គ្រាប់, ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន ៥ប្រអប់ មាន១២៥ដប និងថង់សម្រាប់ច្រកថ្នាំញៀន១ចំនួន រួមនឹងទូរស័ព្ទដៃចំនួន៣គ្រឿង, រថយន្តម៉ាកតូយូតាព្រួស ០១គ្រឿង ពណ៌ស គ្មានស្លាកលេខ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃស្នងការរដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕






មតិយោបល់