ព័ត៌មានជាតិ

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បញ្ជាកងកម្លាំងបន្តរឹតបន្តឹងសហការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ក្រើនរំលឹកដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចសហការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងប្រទេស ត្រូវធ្វើការហ្មត់ចត់ និងអត់ធ្មត់បន្ថែមទៀត ដើម្បីអនុវត្តបទបញ្ជាថ្នាក់លើបានជោគជ័យ។
ដោយនៅក្នុងស្ថានភាពអ្នកឆ្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តការណ៍ខេត្តប៉ៃលិនឆ្លងចូលមកក្នុងសហគមន៍ស្រុកកម្រៀងកើនឡើងជាបន្តបន្ទាប់ ដែលមានចំនួនអ្នកឆ្លងគិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កើនរហូតដល់១៦០នាក់ និងពលករឆ្លងដែនមកពីប្រទេសថៃចំនួន២នាក់ រហូតមានសេចក្តីសម្រេចស្តីពីការបិទខ្ទប់ចំនួន១៧កន្លែង នៅក្នុងភូមិសាស្ត្រស្រុកកម្រៀង ដោយអភិបាល នៃគណ:អភិបាលខេត្តបាត់ដំបងទៀងផង។
មេបញ្ជាការកងពល បានកំណត់ និងណែនាំកងកម្លាំងគ្រប់គោលដៅមិនអនុញ្ញាតដើរហើរដោយគ្មានបទបញ្ជា។ មេបញ្ជាការនៅតាមចំណុចនីមួយៗត្រូវគ្រប់គ្រងកម្លាំងរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់បំផុត ប្រសិនបើធ្វេសប្រហែសធ្វើឲ្យកម្លាំងរបស់ខ្លួនឆ្លងជំងឺកូវីដ-១៩ នោះនឹងកើតរឿងធំមិនខាន។
លោកបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការអនុញ្ញាតច្បាប់មិនត្រូវមានជាដាច់ខាត លើកលែងករណីចាំបាច់បំផុត។ ប៉ុន្តែចំពោះយោធិនណា ដែលបានអនុញ្ញាតច្បាប់ទៅហើយនោះ ប្រសិនបើស្រុកកំណើតរបស់ពួកគេនៅខេត្តឆ្ងាយ ឬនៅតំបន់ដែលជាប់ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ-១៩ នៅពេលត្រឡប់មកវិញត្រូវតែធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃសិនទើបឲ្យចូលអង្គភាព។
ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល ក៏បានណែនាំបងប្អូនកងកម្លាំងត្រូវប្រុងប្រយ័ត្នខ្ពស់ អនុវត្តឲ្យបានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ៣ការពាររបស់រាជរដ្ឋាភិបាល ដើម្បីភាពសុខសាន្តទាំងអស់គ្នា៕

មតិយោបល់