ព័ត៌មានជាតិ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណ ឌីន៖ វីរុសបំប្លែងថ្មី ឈ្មោះដែលតា (B.1.167.2) ដែលបានរកឃើញជាបណ្តើរៗ នៅកម្ពុជា ហើយដែលមានសមត្ថភាពឆ្លងលឿនជាង និងធ្ងន់ធ្ងរជាង ១៥ដង នៃវីរុសបំប្លែងថ្មីដទៃទៀត

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបាល និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអំពាវនាវជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាលនានា និងវិធានការ ០៣ការពារ-០៣កុំ ឱ្យបានម៉ត់ចត់បំផុត ព្រោះថាវីរុសបំប្លែងថ្មី ឈ្មោះដែលតា (B.1.167.2) ដែលបានរកឃើញជាបណ្តើរៗ នៅកម្ពុជា ហើយដែលមានសមត្ថភាពឆ្លងលឿនជាង និងធ្ងន់ធ្ងរជាង រង្វង់១៥ដង នៃវីរុសបំប្លែងថ្មីដទៃទៀត មានដូចជាវីរុសឈ្មោះ អាល់ហ្វា (B.117) ជាដើម។

លោកជំទាវបានសង្កត់ធ្ងន់ថា ៖ “ដោយឡែក វីរុសបំប្លែងថ្មី ឈ្មោះអាល់ហ្វានេះវិញ ហើយដែលត្រូវបានរកឃើញដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០២១ និងត្រូវបានសន្មត់ថាមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈផងដែរនោះ បាននិងកំពុងចរាចរយ៉ាងសកម្មនៅក្នុង​ព្រះរាជាណាចក្រកម្ពុជាយើង។ វីរុសអាល់ហ្វានេះ ក៏មានសមត្ថភាពនៃការចម្លងបានលឿន ព្រមទាំងបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខ​ភាពអ្នកជំងឺផងដែរ គឺមានក្នុងរង្វង់ពី ៥ដង ទៅ ៧ដង ខ្លាំងជាងវីរុសកូវីដ-១៩ចាស់ ឬវីរុសដែលមិនទាន់បំប្លែងខ្លួន ខណៈនៅកម្ពុជាយើង​នៅពេលនេះ មានអ្នកជំងឺជាង ១០០នាក់ហើយដែលមានវិជ្ជមានពពួកបំប្លែងថ្មីអាល់ហ្វានេះ ហើយចំពោះដែលតាវិញ គឺមាន២២ករណី​ហើយដែលត្រូវបានរកឃើញត្រឹមតែមួយខែមិថុនានេះ”។

លោកជំទាវ បានបន្ថែមផងដែរ ដោយសារតែការចរាចរនៃវីរុសអាល់ហ្វានេះហើយ ទើបភាគច្រើននៃអ្នកជំងឺដែលវិជ្ជមានហើយចូល​សម្រាកពេទ្យ គឺមានសភាពធ្ងន់ធ្ងររួចជាស្រេចទៅហើយ។ ហេតុដូច្នេះហើយ បងប្អូនប្រជាពលរដ្ឋត្រូវតែចូលរួមអនុវត្តវិធានការការពារ​ខ្លួនឱ្យបានខ្ជាប់ខ្ជួនបំផុត មិនថាតែ ដែលតា អាល់ហ្វា ឬវីរុសកូវីដ-១៩ធម្មតាដទៃទៀតនោះទេ ព្រោះថានៅថ្ងៃមុខពពួកវីរុសនេះអាច​នឹងបំប្លែងខ្លួនបន្ថែមទៀត ដូចជាករណីវីរុសដែលតា ដែលនៅពេលនេះ លឺថាបានបំប្លែងទៅជា ដែលតាផ្លាស (Delta Plus) ជាដើម។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវវេជ្ជបណ្ឌិត ក៏បានអំពាវនាវជាថ្មី និងដ៏ទទូច ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការ​ប្រុង​ប្រយ័ត្នឱ្យបានខ្ពស់ជាងនេះ បន្តអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ត់ចត់ជាងនេះ និងអនុវត្តអភិក្រម ០៣ការពារ-០៣កុំ ឱ្យបាន​ត្រឹមត្រូវជាងនេះ ដើម្បីកម្ពុជាចៀសផុតពីការវាយលុយកាន់តែធ្ងន់ធ្ងរជាងនេះ ជាពិសេសគឺពពួកបំប្លែងថ្មីនេះ។

គួររម្លឹកថា កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ដំបូងបំផុតកាលពីខែមករា ឆ្នាំ២០២០ ហើយគិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីសរុបទូទាំងប្រទេសចំនួន ៤៩ ២៥៥នាក់ ជាសះស្បើយសរុបចំនួន ៤៣ ៤៧៣នាក់ និងមានករណី​មរណភាព​សរុបចំនួន ៥៧៥នាក់ហើយ ហើយអ្នកមរណភាពទាំង៥៧៥នាក់នេះ គឺបានចាប់ផ្តើមតាំងពីមានព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈទាំងអស់៕

 

 

មតិយោបល់