ព័ត៌មានជាតិ

ជនជាតិចិនស្រវឹងស្រាជោក បើករថយន្តជ្រុលបុករបាំងថ្ម បាក់ខ្ទាតមួយកង់ រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មានបុរសជនជាតិចិន០២នាក់ ស្រវឹងជោកជាំ បើករថយន្តឡុចស៊ីស RX330 មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង ត្រង់ចំណុចទល់មុខក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិនចំនួន២នាក់ បើកបររថយន្តមួយគ្រឿង ម៉ាកឡុចស៊ីស RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BI-1353 ។ ដោយបើកធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន ។ លុះដល់ចំណុចកើតហេតុ រថយន្តនោះក៏ស្រាប់តែរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកនិងរបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយផ្ទាំង ។ ចំណែកឯរថយន្តបានរងការខូចខាតក្រពឹត និងបាក់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេង ទៅមុខលែងរួចនិងមិនបណ្ដាលឲ្យមាននរណាម្នាក់ រងរបួសនោះទេ ។ ភ្លាមៗនោះអ្នកបើករថយន្តក៏បានទាក់ទងហៅគ្នីគ្នា ឲ្យបើករថយន្តមួយគ្រឿងផ្សេងទៀត មកទទួលខ្លួនដើម្បីគេចចេញពីកន្លែងកើតហេតុ ។ ប៉ុន្តែខណ:ពេលនោះ ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ និងឃាត់ខ្លួនអ្នកបើករថយន្តភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏បានចុះមកធ្វើការវាស់វែង យករថយន្តបង្ករួមទាំងអ្នកបើកបរ នាំទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ជាបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់