ពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ៦នាក់ ក្នុងនោះស្រី ២នាក់ដែលសកម្មក្នុងការនាំពលករឆ្លងដែន ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វេលា ម៉ោង ៤:០០នាព្រឹកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំនុចភូមិសាស្ត្រ អូរព្រំដែន ភូមិភ្នំ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ចាត់តាំង លោក វរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួល ទិសម៉ាឡៃ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងផ្នែកសឹករងម៉ាឡៃ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក អនុសេនីយ៍ត្រី ឡា ប៊ុនហឿង មេក្រុមគោលដៅ បានដឹកនាំកម្លាំងដើរល្បាតក៏ជួប ពលករដែលបម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត បន្ទាយមានជ័យ ឃាត់ខ្លួនតែម្តង ។
សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ។
ចំណែកឯពលករទាំង ៦នាក់ ក្រោយពីបានសាកសួររួច ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ៕
មតិយោបល់