អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានព្រមានកាលពីថ្ងៃចន្ទអំពីការកើនឡើងនៃការគំរាមកំហែងដែលបណ្តាលមកពីការសហការគ្នារវាងចិននិងរុស្សី ហើយលោកបានបញ្ជាក់ថា នេះជាការចាំបាច់ដែលយើងត្រូវ«ភ្ញាក់ខ្លួន» ដល់ការដាក់សម្ពាធរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើកោះតៃវ៉ាន់និងការពារដែនកោះនោះ «ជាប្រទេសប្រជាធិបតេយ្យមួយ»។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងទៅកាន់វិទ្យាស្ថានស្រាវជ្រាវ Hudson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន អនុរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasuhide Nakayama បានចោទជាសំណួរទៅលើការសម្រេចចិត្តរបស់ប្រទេសជាច្រើនដែលរួមមានប្រទេសជប៉ុននិងសហរដ្ឋអាមេរិកផងដែរដែលបានអនុវត្តនូវគោលនយោបាយ«ចិនមួយ» ដែលបានទទួលស្គាល់រដ្ឋាភិបាលទីក្រុងប៉េកាំងជំនួសរដ្ឋាភិបាលក្រុងតៃប៉ិរបស់តៃវ៉ាន់ ចាប់តាំងពីទសវត្សរ៍១៩៧០មក គួរតែនៅប្រកាន់យកជំហរបែបនេះឬយ៉ាងណានោះ។
លោកអនុរដ្ឋមន្ត្រីរូបនេះបានចោទជាសំណួរនៅក្នុងពិធីមួយដែលធ្វើឡើងតាមប្រព័ន្ធអនឡាញថា«តើវាត្រឹមត្រូវដែរឬទេ?» ។ លោកបាននិយាយដោយសំដៅថាតើមនុស្សជំនាន់ក្រោយនឹងវាយតម្លៃទៅលើអ្នកធ្វើគោលនយោបាយស្តីពីបញ្ហានេះយ៉ាងដូចម្តេចនោះ។ លោកឆ្លើយថា «ខ្ញុំមិនដឹងទេ»។
លោក Nakayama និយាយបន្តទៀតថា ប្រទេសប្រជាធិបតេយ្យត្រូវតែជួយគ្នាទៅវិញទៅមកហើយលោកធ្លាប់លើកឡើងក្នុងពេលកន្លងមកថា កោះតៃវ៉ាន់ «ជាបន្ទាត់ក្រហម»មួយ។
លោកបានបញ្ជាក់ថា «ដូចនេះយើងត្រូវតែការពារកោះតៃវ៉ាន់ក្នុងនាមជាប្រទេសប្រជាធិបតេយ្យមួយ»។ លោក Nakayama បន្តទៀតថា ជប៉ុននិងកោះតៃវ៉ាន់ មានភូមិសាស្រ្តស្ថិតនៅជាប់គ្នាហើយប្រសិនបើមានរឿងអ្វីមួយកើតឡើងនៅកោះតៃវ៉ាន់នោះ វានឹងធ្វើឲ្យប៉ះពាល់ដល់កោះ Okinawa របស់ជប៉ុនដែលជាមូលដ្ឋានកងទ័ពអាមេរិកនិងគ្រួសាររបស់ពួកគេកំពុងនៅទីនោះ។
លោក Nakayama បានបញ្ជាក់ពីការគំរាមកំហែងដោយប្រទេសចិននៅក្នុងលំហអាកាស ក្នុងបច្ចេកវិទ្យាមីស៊ីល បច្ចេកវិទ្យាកំព្យូទ័រ កម្លាំងកងទ័ពនិងអាវុធនុយក្លែអ៊ែរជាដើម។ លោកថា ការដឹកនាំរបស់ប្រធានាធិបតីចិនបច្ចុប្បន្នលោក Xi Jinping មានលក្ខណៈគឃ្លើនដែលជាការគិតទុកហើយនឹងបន្តទៅពេលខាងមុខទៀត»។
លោកនិយាយថា «ដូចនេះយើងត្រូវភ្ញាក់ឡើង»។ យើងត្រូវភ្ញាក់ខ្លួនចំពោះរឿងនេះ។ ចិនបានអះអាងថាកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យនោះជាផ្នែកមួយរបស់ចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin និយាយថា «យើងសោកស្តាយចំពោះសុន្ទរកថាខុសឆ្គងរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុនរូបនេះ ហើយយើងបានដាក់ការតវ៉ាប្រឆាំងរបស់យើងផងដែរ។ អ្នកនាំពាក្យចិនរូបនេះបន្ថែមថា លោក Nakayama បានចោទប្រទេសចិន«ដោយខុសពីការពិត» ជុំវិញ«ការអភិវឌ្ឍវិស័យការពារជាតិតាមលក្ខណៈធម្មតា» របស់ប្រទេសចិននោះ៕
មតិយោបល់