ដើម្បីកាត់បន្ថយនូវហានិភ័យនៃការឆ្លងមេរោគកូវីដ១៩ និយាយជារួម រដ្ឋាភិបាលអូស្រា្តលីបានជ្រើសយកជម្រើសបិទព្រំដែនតាំងពី ១៦ខែមកហើយ។ តែជាមួយនឹងកំណើនករណីឆ្លងថ្មីរបស់មេរោគបំប្លែងខ្លួន « ដែលតា » ពេលនេះ រដ្ឋាភិបាលបានសម្រេចរឹតបន្តឹងវិធានការមួយកម្រិតទៀតដោយចាប់ពីថ្ងៃទី១៤ កក្កដាខាងមុខទៅ មានអ្នកដំណើរមកពីក្រៅតែ ៣ ០០០នាក់ប៉ុណ្ណោះក្នុងមួយសប្តាហ៍ដែលនឹងអនុញ្ញាតឲ្យចូលក្នុងប្រទេសអូស្រា្តលី។ វិធានការថ្មីមួយនេះនឹងមានរយៈពេលយ៉ាងតិចរហូតដល់ដំណាច់ឆ្នាំ ២០២១។
យុទ្ធសាស្រ្តថ្មីមួយនេះជាដំណាក់ការទី១ នៃផែនការដើម្បីចាកចេញពីវិបត្តិកូវីដ១៩ដែលបានបង្ហាញដោយនាយករដ្ឋមន្រ្តីលោកស្កុត ម៉ូរីសុនកាលពីថ្ងៃសុក្រ ទី២ កក្កដា។ នៅក្នុងផែនការនេះ លោកម៉ូរីសុនបានគ្រោងជា ៣ដំណាក់ការដោយចាប់ផ្តើមពីការបន្ធូរបន្ថយលើការរឹតបន្តឹងបណ្តើរៗរហូតដល់ការបើកប្រទេសទាំងស្រុង និងការបើកព្រំដែនទាំងស្រុងឡើងវិញ។ តែដើម្បីអាចឆ្លងពីដំណាក់ការមួយទៅដំណាក់ការមួយទៀតបាន គឺត្រូវផ្អែកលើអត្រានៃចំនួនអ្នកចាក់វ៉ាក់សាំង។ តែរដ្ឋាភិបាលនៅមិនទាន់បានកំណត់ទេថា តើអាត្រានៃចំនួនអ្នកចាក់វ៉ាក់សាំងនោះនឹងត្រូវមានកម្រិតណា។
មួយវិញទៀត រដ្ឋាភិបាលក៏នៅមិនទាន់បានកំណត់ថ្ងៃ ខែសម្រាប់កម្មវត្ថុមួយនេះដែរ។ ភាពស្រពិចស្រពិល និងមិនប្រាកដប្រជាមួយនេះអាចជាចេតនារបស់រដ្ឋាភិបាលដែលគេអាចពន្យល់បានថា គឺមកពីមានភាពយឺតយ៉ាវខ្លាំងពេកនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង។ បច្ចុប្បន្ននេះ នៅក្នុងចំនួនប្រជាជនអូស្រា្តលីទាំងជាង ២៥លាននាក់ មានប្រមាណតែ ៧% ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងទាំងពីរដូស៕
មតិយោបល់