ព័ត៌មានជាតិ

ស្ត្រីម្នាក់ ដើរឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឲ្យរបួស

ភ្នំពេញៈ ស្ត្រីម្នាក់រងរបួសបោកក្បាលទៅនឹងថ្នល់ បន្ទាប់ពីនាងបានដើរឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងកំពុងជិះ ដែលបាំងរថយន្តឈប់ចតស្ងៀមមើលមិនឃើញ បុកពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤៥នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលេខR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជាស្ត្រីខាងលើ បានដើរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ដោយមានរថយន្តមួយគ្រឿងចតបាំងនៅចិញ្ចើមផ្លូវក្បែរកន្លែងកើតហេតុ ខណៈដែលកំពុងដើរឆ្លងផ្លូវនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1V-5815 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅជើងទៅត្បូង បាំងជាមួយនឹងរថយន្តដែលចតនៅចិញ្ចើមផ្លូវមើលមិនឃើញ ស្របពេលដែលជនរងគ្រោះកំពុងដើរឆ្លងក៏មើលមិនឃើញ ទើបជ្រុលទៅបុកស្ត្រីខាងលើបណ្តាលឲ្យដួលបោកក្បាលនឹងដងផ្លូវរងរបួសតែម្តង។

ក្រោយពីហេតុការណ៍នេះបានកើតឡើង ភាគីខាងម៉ូតូបានទំនាក់ទំនងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងរបស់ខ្លួន មកធ្វើការដោះស្រាយជាមួយនឹងជនរងគ្រោះ ដោយបានហៅកង់បីឌុបស្ត្រីរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែត្រូវបានបុរសជាប្តីរបស់ស្ត្រីរងគ្រោះសុំយកប្រពន្ធរបស់គាត់ទៅស្កេន និងព្យាបាលនៅមន្ទីរពេទ្យទើបមិនត្រូវរ៉ូវគ្នា និងមានការប្រកែករកត្រូវរៀងៗខ្លួន ដោយភាគីទាំងសងខាង ប្រកែកគ្នាថា បណ្តាលមកពីរថយន្តដែលចតនៅចិញ្ចើមផ្លូវបាំងមើលមិនឃើញ ទើបកើតមានគ្រោះថ្នាក់បែបនេះ ។ ក្រោយមកទើបភាគីខាងម៉ូតូបានចេញថ្លៃព្យាបាលចំនួន១០ម៉ឺនរៀល និងម្ចាស់រថយន្តដែលចតទុកចោល បានជួលចេញថ្លៃព្យាបាលបន្ថែមចំនួន១០ម៉ឺនរៀលទៀត សរុបទាំងអស់២០ម៉ឺនរៀលឲ្យទៅស្ត្រីរងគ្រោះដើម្បីយកទៅពិនិត្យព្យាបាលនិងបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

https://youtu.be/12ck316f6UQ

មតិយោបល់