ព័ត៌មានជាតិ

៥យ៉ាង ដើម្បីពិសោធន៍គូស្នេហ៍របស់អ្នក ក្រោយពេលរៀបការរួច

 

ក្រោយពីប្តូរស្ថានភាពពីគូសង្សារមកជាគូជីវិត ឬជាគូស្វមីភរិយាហើយនោះ ក្រៅពីធ្វើឲ្យការរស់នៅរបស់អ្នកប្រែប្រួលហើយ អាចនឹងហុចផលឲ្យស្នេហាប្រែប្រួលទៅតាមនោះដែរ ។ ការប្រែប្រួលទាំងនោះអាចជាចំណុចមួយដែលធ្វើឲ្យនារីជាច្រើនកើតក្តីសង្ស័យថា តើពេលនេះគូស្នេហ៍របស់ខ្លួននៅតែមានអារម្មណ៍ស្រឡាញ់យើងដូចកាលពីមុន ឬក៏អត់?

តែក៏មិនហ៊ានសួរដែរ ​ព្រោះខ្លាចថា សំនួរមួយនេះនឹងនាំទៅរកការឈ្លោះទាស់ទែងគ្នា ដូច្នេះទើប ថ្ងៃនេះឡា រ៉ែនចង់ឲ្យ នារីៗទាំងឡាយយល់ពីចិត្តគូស្នេហ៍របស់ខ្លួនឲ្យបានកាន់ច្រើនឡើង និងឲ្យមានភាពជឿជាក់ចំពោះសេចក្តីស្នេហាដែលស្វាមីអ្នកមានចំពោះអ្នកឲ្យកាន់តែច្រើនឡើង តាមរយ:ទង្វើ 5 យ៉ាងដែលបង្ហាញឲ្យឃើញច្បាស់ថា គេនៅតែស្រឡាញ់អ្នកដដែលដូច​តទៅ ៖

១ . នៅតែនិយាយថា ស្រឡាញ់អ្នកជាប់ជានិច្ចបើគេនៅតែប្រាប់ថា ស្រឡាញ់អ្នកៗ ជាប់ជាប្រចាំ ដែលទោះជាអ្នកមើលឃើញ ឬមើលមិនឃើញពីភាព​សំខាន់​របស់ការនិយាយថាស្រឡាញ់អ្នករបស់គេនោះក៏ដោយ តែគ្រាន់តែគេបាននិយាយថា គេស្រឡាញ់អ្នកប៉ុណ្ណឹង ក៏អាច​ធ្វើឲ្យគេ​ញញឹមបានដែរនោះ សូមអ្នកជឿជាក់ចុះថា គេពិតជាគិតដូចសំដីដែលអ្នកបានឮនោះមែនហើយ និងគេពិតជានៅ​តែ​​​​​​​មានអារម្មណ៍បែបនោះជានិច្ច ទោះជាអាពាហ៍ពិពាហ៍កន្លងផុតទៅប៉ុន្មានឆ្នាំហើយក៏ដោយ ​និងនៅតែស្រឡាញ់អ្នកបែប​នោះជានិច្ច ដរាបណាគេនៅតែមានដង្ហើម ។

២ . បង្ហាញច្បាស់គ្រប់ទង្វើ មិនថាអ្នករៀបការជាមួយគេមកយូរប៉ុនណាហើយក៏ដោយ តែគេនៅតែជាមនុស្សម្នាក់ដែលដូចពីមុន​ដដែល និងបញ្ជាក់ច្បាស់រាល់ទង្វើដែលគេបានធ្វើចំពោះអ្នកជានិច្ច វាគឺជាការបញ្ជាក់ពីបេះដូង និងដួងចិត្តរបស់គេ ដើម្បី​កុំ​ឲ្យអ្នកនៅនឹកសង្ស័យ ស្រពិចស្រពឹលក្នុងចិត្ត ឬមានកង្វល់លើរូបគេឲ្យសោះ ហើយក៏ជាការបង្ហាញនូវក្តីស្នេហាដែលគេមាន​ចំពោះអ្នក ដើម្បីឲ្យអ្នកមានអារម្មណ៍ជឿជាក់ចំពោះរូបគេជានិច្ច មិនថាតែកាឱប កាន់ដៃកៀកស្មា ឬទង្វើអ្វីផ្សេងទៀតក៏​ដោយ វាប្រៀបហាក់ដូចជា រាល់ៗថ្ងៃនេះជាថ្ងៃដែលគេបានជួបអ្នកគ្រាតំបូងដូច្នោះដែរ ។

៣ . សេចក្តីសុខរបស់អ្នក គឺសេចក្តីសុខរបស់គេបើអ្នកឃើញថាគេសប្បាយចិត្តពេលដែលឃើញអ្នកមានសេចក្តីសុខ និងគេព្យាយាមគ្រប់វិធីដើម្បីធ្វើឲ្យ​អ្នកមានសេចក្តីសុខនោះ ចូរជឿជាក់ក្នុងចិត្តចុះថា ពាក្យថាស្រឡាញ់របស់គេនោះនៅតែជាការពិតជានិច្ច ព្រោះបើសឹនជាគេមិនមានអារម្មណ៍បែបហ្នឹងទេនោះ គេច្បាស់ជាមិនអាចកុហក ឬធ្វើបែបនោះបានយូរអង្វែងឡើយ ហើយយើងក៏ជឿថានារីៗគ្រប់រូបក៏អាចដឹងពីអារម្មណ៍ទាំងនោះបានតាមរយ:សញ្ជាតិញ្ញាណរបស់ខ្លួនស្រាប់ទៅហើយដែរ ។

៤ . គេព្រួយកង្វល់នៅពេលមានរឿងរ៉ាវមិនល្អកើតឡើងចំពោះអ្នកអ្នកអាចពិសោធន៍បានតាមរយ:អកប្បកិរិយារបស់គេនៅពេលកើតរឿងរ៉ាវមិនល្អឡើងចំពោះអ្នក ដូចជាគេមានអារម្មណ៍ខឹងនៅពេលមានអ្នកណាធ្វើឲ្យអ្នកភ័យកង្វល់ ឬគេមានអារម្មណ៍ឈឺចាប់នៅពេលឃើញអ្នកឈឺថ្កាត់ បើអាច​ជ្រើសរើសបាន គេប្រាកដជាប្រមូលយកអារម្មណ៍ទុក្ខលំបាកទាំងនោះមកទុកក្នុងខ្លួនគេជំនួសវិញមិនខាន ។ ​គ្រាន់តែ​ប៉ុណ្ណឹងក៏បញ្ជាក់ឲ្យឃើញច្បាស់ហើយថា គេនៅតែស្រឡាញ់ និងបារម្ភពីអ្នកជានិច្ច មិនថាអ្នករស់នៅជាមួយគ្នាមកប៉ុន្មានឆ្នាំហើយក៏ដោយ ។

៥ . អ្នកគឺជាផ្នែកសំខាន់របស់ជីវិតគេ សញ្ញាមួយទៀតដែលបង្ហាញឲ្យឃើញថា គេនៅតែស្រឡាញ់អ្នកជានិច្ចនោះ គឺ ការដែលគេគិតថា អ្នកគឺជាចំណែកសំខាន់មួយរបស់ជីវិតគេ និងមិនអាចនឹងមានជីវិតរស់នៅតទៅទៀតបានឡើយបើសឹនជាគេគ្មានរូបអ្នក ។ អ្នកអាចពិសោធន៍រកការពិតលើចំណុចនេះបានតាមរយ:ការដែលគេនឹកឃើញអ្នកមុនគេបង្អស់នៅពេលដែលកើតមានរឿងរ៉ាវអាក្រក់ ឬល្អឡើង ហើយមិនថាគេចង់រៀបផែនការធ្វើអ្វីមួយក៏ដោយ តែងតែមានរូបអ្នកនៅក្នុងអនាគតរបស់គេជានិច្ច និងផ្តល់នូវភាព​សំខាន់ចំពោះអ្នកជាខ្លាំង ព្រោះតែគេគិតថា អនាគតរបស់គេ គឺអនាគតរបស់អ្នកហ្នឹងឯង ។ ក្រៅពីនេះ ជួនកាលទោះជាគេមិនបានសម្តែងនូវសេចក្តីស្រឡាញ់ឲ្យអ្នកបានឃើញយ៉ាងជាក់ច្បាស់តាមរយ:ពាក្យសំដី ឬទង្វើ ឬអ្វីៗដែលផ្សេងពីសញ្ញាទាំង 5 ខាងលើនេះក៏ដោយ ក៏សូមអ្នកកុំអាលយល់ខុសថា គេអស់សេចក្តីស្នេហាលើរូបអ្នកឲ្យសោះ ព្រោះគេអាចជាមនុស្សដែលមិនសូវចេះបង្ហាញពីអារម្មណ៍ និងទង្វើផ្សេងៗក៏អាចថាបានដែរ ដូច្នេះ​អ្នកមិនគួរសំរេចសេចក្តីគេតែលើសំបកក្រៅឡើយ តែត្រូវមើលឲ្យជ្រៅទៅដល់ចារឹតនិស្ស័យរបស់គេ ដើម្បីនឹងបានរស់នៅជាគូគ្រងនឹងគ្នាប្រកបដោយសេចក្តីសុខរហូតដល់ដង្ហើមចុងក្រោយរៀងៗខ្លួន ។

 

មតិយោបល់