ល្មើលបម្រាមដែលហាមឃាត់មិនឱ្យមានការផ្តុំគ្នាលើសពី៥នាក់ បាតុករថៃបាននាំគ្នាចងរមូរក្រណាត់ដូចរុំខ្មោច លាបពណ៌ក្រហមដូចឈាម ដាក់គរនៅផ្លូវបំបែកនៃវិមានប្រជាធិបតេយ្យ មុននឹងដង្ហែក្បួនទៅសំដៅទៅវិមានរដ្ឋាភិបាល។
សម្រាប់ក្រុមបាតុករ បើពួកគេបន្តនៅផ្ទះស្ងៀម ពួកគេនឹងត្រូវស្លាប់ដោយជំងឺកូវីដ១៩។ ហេតុដូច្នេះហើយបានជាពួកគេត្រូវតែចេញធ្វើបាតុកម្ម នៅថ្ងៃនេះ ដើម្បីទាមទារឱ្យលោកប្រាយុទ្ធចាន់អូចា ចុះចេញពីតំណែងដោយគ្មានលក្ខខណ្ឌ -កាត់បន្ថយកញ្ចប់ថវិកាចំណាយរបស់រាជវាំង និងរបស់យោធា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងទីបីស្វែងរកវ៉ាក់សាំងប្រភេទARN messager (Pfizer/BioNTech ឬModerna) ដល់ប្រជាពលរដ្ឋ។
ប៉ុន្តែក្បួនបាតុកម្មត្រូវរងការបង្ក្រាប ស្ទាក់ខ្ទប់ដោយឡានកាមីញ៉ុងបាញ់ទឹក ហើយត្រូវបង្ខំចិត្តដកថយវិញ។ បើតាមអ្នកយកការណ៍របស់ភ្នាក់ងារសារព័ត៌មានបារាំងafp កងកម្លាំងរក្សាសន្តិសុខថៃ បានប្រើកាំភ្លើងបាញ់គ្រាប់កៅស៊ូ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកផង ដើម្បីបំបែកហ្វូងបាតុកម្ម។
បាតុកម្មដែលមានស្ទើរជារៀងរាល់សប្តាហ៍ គិតចាប់ពីចលនាប្រជាធិបតេយ្យនិស្សិត បានផ្ទុះឡើងជាទ្រង់ទ្រាយធំ កាលពីខែកក្កដាឆ្នាំ២០២០ ទាមទារឱ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងរបបរាជានិយមឱ្យបានស៊ីជម្រៅ។ តែចំណាត់ការមិនល្អរបស់រដ្ឋាភិបាលនៅចំពោះមុខវិបត្តិកូវីដ១៩ បាននិងកំពុងក្លាយជាគោលដៅវាយប្រហារថ្មីរបស់បាតុករ។
សូមបញ្ជាក់ថា ពេលនេះថៃកំពុងប្រឈមនឹងការរាតត្បាតខ្លាំងជាងពេលណាទាំងអស់ មន្ទីរពេទ្យចាល់ណែន ចំនួនអ្នកឆ្លងថ្មីបានបំបែកកំណត់ត្រាចាស់ជារៀងរាល់ថ្ងៃ ដោយរាប់មានសរុបអ្នកវិជ្ជមានជាង ៤០ម៉ឺននាក់ ក្នុងនោះជាង១១០០នាក់ នៅមួយថ្ងៃអាទិត្យទី ១៨កក្កដាម្សិលមិញ និងអ្នកស្លាប់៣៣៤១នាក់ (១៤១នាក់ក្នុងថ្ងៃសៅរ៍ទី ១៧កក្កដា)។
ប្រឈមនឹងស្ថានភាពសុខាភិបាលកាន់តែដុនដាប អាជ្ញាធរថៃបានរិតបន្តឹងវិធានការកាន់តែតឹងតែងឡើងៗ ធ្វើឱ្យសេដ្ឋកិច្ចជាតិងកកាន់ខ្លាំង។ រដ្ឋាភិបាលទើបបានប្រកាសនៅសប្តាហ៍នេះថានឹងសើរើមើលយុទ្ធសាស្ត្រចាក់ថ្នាំបង្ការ ដោយប្រើថ្នាំវ៉ាក់សាំងចិនSinovac ជាមួយថ្នាំបង្ការរបស់ក្រុមហ៊ុនAstraZenecaឡើងវិញ ដើម្បីសាកល្បងទប់ស្កាត់ការរីករាតត្បាតនៃមេរោគអាល់ហ្វា និងដែលតានៃជំងឺកូវីដ១៩៕
មតិយោបល់