ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ប្រជាពលរដ្ឋរាយការណ៍មកជូនប៉ុស្តិ៍ នគរបាលរដ្ឋបាលឈើតុំថា មានមនុស្សដេកស្លាប់ នៅចំណុចផ្លូវលំបំបែកស្ថិតនៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាប្រហែលម៉ោង ៤និង០០នាទីល្ងាច។
យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា សពដេកស្លាប់នោះមានឈ្មោះ កល់ តឿ អាយុ ៦២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបឹង ឃុំត្រាចទង ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្ន ភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ មានប្រពន្ធឈ្មោះ ម៉ាត់ ពៅ ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិចាមថ្មីឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមការបំភ្លឺរបស់ប្រពន្ធ នៃសពជនរងគ្រោះខាងលើ បានឲ្យដឹងថា ប្តីរបស់គាត់តែងតែផឹកស្រាជាប្រចាំ មិនដែលនៅផ្ទះទេ ដើរផឹករហូត និងកាន់បង្វិកខោអាវដាក់ជាប់តាមខ្លួនរហូត។
របាយការណ៍បានឲ្យដឹងទៀតថា បន្ទាប់ពីគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តពោធិ៍សាត់ធ្វើកោសលវិច័យ និងមន្ត្រីជំនាញផ្នែកនគរបាលបច្ចេកទេសខេត្តបានពិនិត្យរួច និងបានធ្វើការសន្និដ្ឋានថា ករណីបុរសដេកស្លាប់ខាងលើ គឺបណ្តាលមកពីករណីខ្យល់គរ។ ចំពោះសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់